លោក យុត្តាស័ក ស៊ូផាសន អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងថា ក្រុមភ្ញៀវទេសចរ ៤១នាក់ ដែលមកដល់ប្រទេសថៃ ជើងដំបូងបំផុត គឺមិនមែនជាចំនួនច្រើននោះទេ តែវាសបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់ប្រព័ន្ធសុខាភិបាលថៃក្នុងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។
ភ្ញៀវទេសចរទាំងនោះ ក៏ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ និងតម្រូវឲ្យទាញយកកម្មវិធី នៅលើស្មាតហ្វូន ដើម្បីតាមដានអំពីទីតាំងរបស់ពួកគេ។
យ៉ាងណាក៏ដោយ អំឡុងពេលនៃការបើកទ្វារ ដំណាក់កាលទី ១នេះ គឺកំណត់ចំនួនភ្ញៀវទេសចរត្រឹមតែ ១ពាន់២រយនាក់ ក្នុងមួយខែប៉ុណ្ណោះ ទាបជាងការទទួលភ្ញៀវទេសចរបរទេស មុនពេលវិបត្តិកូវីដ-១៩ ដែលមានដល់ទៅ ៣លាននាក់ក្នុងមួយខែៗ ។
ទោះយ៉ាងណា ក្រុមភ្ញៀវទេសចរពិសេសនេះ អាចស្នាក់នៅក្នុងប្រទេសថៃបានដល់ទៅ ៩០ថ្ងៃ ហើយគម្រោងនេះ អាចបន្តជាថ្មី បាន២ដងទៀត ពោលគឺ ពួកគេអាចស្នាក់នៅសរុបបានដល់ទៅ ២៧០ថ្ងៃ។
លោក យុត្តាស័ក ស៊ូផាសន បន្តថា ភ្ញៀវទេសចរចិន នឹងមកកម្សាន្តនៅប្រទេសថៃ ជាបន្តបន្ទាប់ទៀត នៅក្នុងខែតុលាខាងមុខ ដោយរំពឹងថា ភ្ញៀវម្នាក់ៗ នឹងចំណាយប្រមាណ ២ម៉ឺន ៥ពាន់ដុល្លារ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
គួរជម្រាបដែរថា អ្នកតំណាងមកពី វិស័យបដិសណ្ឋាកិច្ចជាច្រើន បានអះអាងថា វិស័យទេសចរណ៍ គឺងាយនឹងទទួលរងឥទ្ធិពលពីបញ្ហានយោបាយណាស់ គួបផ្សំនឹងវិបត្តិកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែលំបាក ដូច្នេះហើយពួកគេសង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងធ្វើការចរចា និងផ្តល់ដំណោះស្រាយសមស្រប សម្រាប់ក្រុមអ្នកតវ៉ា ដែលប្រមូលផ្តុំគ្នាបានកាន់តែច្រើនបន្ថែមទៀតនោះ៕