លោក ថាណាវ៉ាត ផុនវីឆៃ (Thanawat Phonwichai) ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឱ្យដឹងថា ប្រទេសថៃ អាចរកចំណូលបានចន្លោះពីជាង១ពាន់ ទៅជិត៣ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំពីវិស័យកាស៊ីណូស្របច្បាប់ តាមរយៈការបង់ពន្ធ។ សម្រាប់អ្នកជំនាញរូបនេះ ទន្ទឹមនឹងអាចស្រូបទាញចំណូលបានច្រើន ការកើនឡើងកាស៊ីណូស្របច្បាប់កាន់តែច្រើន ក៏អាចបង្កជាបញ្ហាសង្គមមួយចំនួនផងដែរ ដូចជាការញៀនថ្នាំ និងការញៀននឹងល្បែងស៊ីសង ព្រមទាំងកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ទន្ទឹមនេះ លោក ផុនវីឆៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្កើតកន្លែងល្បែងកាស៊ីណូនេះ ហើយលោកយល់ឃើញថា រដ្ឋាភិបាលថៃ មិនគួរបង្កើតកាស៊ីណូនៅក្នុងតំបន់ ដែលមានមនុស្សរស់នៅច្រើនកុះករនោះទេ ព្រោះវាអាចអូសទាញឱ្យពលរដ្ឋលេងល្បែង និងពិបាកក្នុងការគ្រប់គ្រង។ យ៉ាងណាក៏ដោយលោកយល់ថា ក្នុងនាមជាប្រទេសកាន់ព្រះពុទ្ធសាសនា អាជីវកម្មមួយនេះ អាចប៉ះពាល់អវិជ្ជមានដល់មុខមាត់របស់ប្រទេសថៃ។ ហើយប្រសិនបើគ្មានប្រព័ន្ធគ្រប់គ្រងដ៏តឹងរ៉ឹងទេ វាអាចបង្កឱ្យមានហានិភ័យនៃអំពើឆបោក ក្លែងបន្លំ និងពុករលួយដែលអាចបង្កការព្រួយបារម្ភសម្រាប់ទាំងអាជីវកម្មល្បែងកាស៊ីណូ និងអ្នកដែលកំពុងញៀននឹងល្បែង។
ល្បែងកាស៊ីណូ បានក្លាយជារឿងធម្មតាទៅហើយនៅបណ្ដាប្រទេសជាប់ព្រំដែននឹងប្រទេសថៃ រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ជាដើម ខណៈប្រជាជនថៃ ដែលនៅជិតព្រំដែនទាំងនោះ អាចធ្វើដំណើរឆ្លងកាត់យ៉ាងងាយស្រួលដើម្បីទៅលេងល្បែងនៅកាស៊ីណូ៕
អត្ថបទ៖ សុខ ជា