អាជ្ញាធរគយចិនបានអះអាងថា ការដាក់ចេញវិធានការត្រួតពិនិត្យលើខ្លួនមនុស្ស និងទំនិញរកមេរោគអុតស្វានេះ ធ្វើឡើងក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា មេរោគអុតស្វា កំពុងផ្ទុះឡើងនៅតាមបណ្តាប្រទេសមួយចំនួន ហើយកំពុងបង្កបញ្ហាដល់សុខភាពសាធារណៈសកលជាលើកទីពីរក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរាលដាលដល់ប្រទេសក្បែរខាង។
រដ្ឋបាលគយរបស់ចិនបាននិយាយថា អ្នកដំណើរមកពីបណ្តាប្រទេសដែលមានការផ្ទុះឡើងនូវជំងឺអុតស្វា ឬមានរោគសញ្ញានៃជំងឺនេះគួរតែប្រកាសដោយខ្លួនឯងទៅកាន់មន្ត្រីគយ ហើយ អង្គការសុខភាពពិភពលោកបានប្តូរឈ្មោះជំងឺអុតស្វាទៅជាជំងឺអឹមផក (mpox)។ រដ្ឋបាលគយចិនអះអាងថា រថយន្ត ទូកុងតឺន័រ និងទំនិញមកពីតំបន់រងការផ្ទុះឡើងនៃជំងឺនេះគួរតែត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជាមុនសិនមុននាំចេញមកកាន់ប្រទេសខ្លួន។
គណៈកម្មាធិការសុខភាពជាតិរបស់ចិនកាលពីឆ្នាំមុនបានប្រកាសថា ជំងឺអឹមផកនឹងត្រូវបានចាត់ថ្នាក់ជាជំងឺឆ្លងប្រភេទ B ដែលអនុញ្ញាតឱ្យមន្ត្រីមានវិធានការបន្ទាន់ដូចជាការរឹតបន្តឹងការជួបជុំ ការផ្អាកការងារ និងសាលារៀន ឬការបិទតំបន់នៅពេលមានការផ្ទុះជំងឺនេះឡើង។ ហើយជំងឺឆ្លងប្រភេទ B បច្ចុប្បន្នរួមមានជំងឺកូវីដ-១៩ ជំងឺអេដស៍ និងជំងឺសាស (SARS)។
ជំងឺ Mpox អាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ និងជាធម្មតាមានកម្រិតស្រាល ប៉ុន្តែវាក៏អាចបណ្ដាលឱ្យស្លាប់ក្នុងករណីកម្រផងដែរ ហើយជំងឺនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅពងបែកដែលពោរពេញដោយខ្ទុះនៅលើរាងកាយរបស់អ្នកកើតជំងឺនេះ៕