ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍថៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងពលរដ្ឋថៃ សរុបជាង១៣០០នាក់ បានបង្ហាញថា ពលរដ្ឋជាង៥០% ជឿជាក់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាចអង្គុយកៅអីនាយករដ្ឋមន្រ្តីជាប់បាននៅពេញមួយឆ្នាំ២០២៥ នេះ ទោះបីជាមានភាពចលាចលផ្នែកនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។ ក្រៅពីនេះមានជិត២២% ជឿជាក់ថា អាចនឹងមានការរុះរើគណរដ្ឋមន្រ្តី ហើយលទ្ធភាពដែល លោកស្រី អាចលាលែងពីតំណែងមានតែជិត៦%ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយវិញ ពលរដ្ឋថៃ នៅតែមានទស្សនវិជ្ជមាន ដោយ៥០,៦១% ជឿជាក់ថា ស្ថានការណ៍នឹងនៅដដែល ខណៈដែលអ្នកជឿថា កម្ដៅនយោបាយនឹងកើនឡើងមានជិត៤០%។ មកទល់ពេលនេះគេមិនទាន់អាចវាយតម្លៃបានទេថា ស្ថានការណ៍នយោបាយនៅថៃនឹងវិវត្តទៅជាយ៉ាងណានោះទេ ព្រោះកាលពីចុងឆ្នាំ២០២៤ កន្លងទៅ លោក ស៊ុនធិ លីមថងគុល ដែលធ្លាប់ដឹកនាំបាតុករអាវលឿងកាន់កាប់វិមានរដ្ឋាភិបាល និងអាកាសយានដ្ឋានអន្តរជាតិ កាលពីឆ្នាំ២០០៨ បានព្យាយាមបញ្ឆេះភ្លើងនយោបាយនៅថៃ តាមរយៈការទាមទារឲ្យលុបចោលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរុករក និងធ្វើអាជីវកម្មរ៉ែប្រេងកាត និងឧស្ម័នធម្មជាតិ នៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃជាមួយកម្ពុជា ដែលបានចុះតំាងពីឆ្នាំ២០០១។
មកទល់ពេលនេះលោកស្រី ផែថងថាន ក្រៅពីជាប់ឯកទត្តកម្មជានាយករដ្ឋមន្រ្តីក្មេងជាងគេរបស់ថៃ ក៏ជាប់ឈ្មោះជានាយករដ្ឋមន្រ្តី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេផងដែរ។ លោកស្រីបានប្រកាសទ្រព្យដែលមានតម្លៃសរុបជិត៤០០លានដុល្លារ ពោលគឺលើសលោក ថាក់ស៊ីន ដែលធ្លាប់ប្រកាសថា មានទ្រព្យសម្បត្តិតែជាង២៨០លានដុល្លារ ខណៈដែលលោក ប្រាយុទ្ធ ចាន់អ៊ូចារ អតីតនាយករដ្ឋមន្ត្រីមានទ្រព្យសម្បត្តិជាង២០លានដុល្លារ៕
ដោយៈ សរ សុជាតិ