សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចូលក្នុងវិបត្តិគួរឱ្យភ្ញាក់ផ្អើល នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដែលបញ្ហានេះកំពុងធ្វើឱ្យតំណែងនាយករដ្ឋមន្ត្រីរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) រងការរង្គោះរង្គើ។ ក្រោយឡើងកាន់តំណែង នាយករដ្ឋមន្រ្តីអង់គ្លេសដើមកំណើតឥណ្ឌារូបនេះ បានប្តេជ្ញាថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅបស្ចឹមប្រទេសមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ។
ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាផលិតផលក្នុងស្រុកសរុបរបស់ចក្រភពនេះបានធ្លាក់ចុះ ០,៣%នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ខណៈដែលពីអំឡុងខែកក្កដា ដល់ ខែកញ្ញា ស្ថិតិនៃការធ្លាក់ចុះមានក្នុងកម្រិតត្រឹមតែ០,១%។ អ្នកវិភាគបានអះអាងថា ស្ថានភាពនៃការការធ្លាក់ចុះនៅក្នុងត្រីមាសទី៤ គឺមានសភាពធ្ងន់ធ្ងរ ជាងការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ចរហូតដល់ទៅ០,២%។
លទ្ធផលដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចជាប្រទេសជប៉ុន និងក្រុមប្រទេស G7 នានា លើកលែងតែប្រទេសកាណាដា ដោយសារតែប្រទេសនេះនៅមិនទាន់ធ្វើបច្ចុប្បន្នភាពស្ថិតិថ្មីរបស់ខ្លួននៅឡើយ។ នៅមុនពេលចូលកាន់តំណែងលោក ស៊ុនណាក់ បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន តែមកដល់ពេលនេះ គណបក្សអភិរក្សរបស់លោក ដែលបានគ្រប់គ្រងនិងដឹកនាំអង់គ្លេសនៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហាក់កំពុងតែបាត់បង់ការជឿជាក់ពីម្ចាស់ឆ្នោត។
ក្រុមអ្នកវិភាគបាននិយាយថា គ្រួសារពលរដ្ឋអង់គ្លេសបានមើលឃើញពីការធ្លាក់ចុះកម្រិតជីវភាពជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក ជេរីមី ហាន (Jeremy Hunt )រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបាននិយាយថា សញ្ញាបង្ហាញសេដ្ឋកិច្ចអង់គ្លេសកំពុងស្ថិតនៅក្នុងសភាពវិលវល់ ដូច្នេះអង់គ្លេស ត្រូវតែប្រកាន់ខ្ជាប់នូវផែនការមួយចំនួន ដោយរួមទាំងការកាត់ពន្ធលើការងារ និងអាជីវកម្ម ដើម្បីបង្កើតស្ថានភាពសេដ្ឋកិច្ចឲ្យរឹងមាំ ប៉ុន្តែគណបក្សការងារដែលជាគណបក្សប្រឆាំងបានជំទាស់។
លោកស្រី រ៉ាសែល រីវេស ( Rachel Reeves) មន្ត្រីសេដ្ឋកិច្ចកំពូលរបស់គណបក្សការងារ បាននិយាយថា នាយករដ្ឋមន្ត្រីមិនអាចអះអាងបានទៀតទេថា ផែនការរបស់គាត់កំពុងដំណើរការទៅមុខនោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោក ហាន កំពុងស្វះស្វែងរកលទ្ធភាពនៃការកាត់បន្ថយផែនការចំណាយសាធារណៈរាប់ពាន់លានផោន ដើម្បីសន្សំមូលនិធិ និងជំរុញដល់ការកាត់បន្ថយពន្ធមុនការបោះឆ្នោត ខណៈដែលសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅទ្រឹងជិតពីរឆ្នាំមកហើយ៕
ដោយៈ សរ សុជាតិ