ប្រធានសមាគមដដែលនេះបានអះអាងទៀតថា បន្ទាប់ពីមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធពីកម្ពុជា និងភាគីចិន រួមជាមួយនឹងតំណាងពីវិស័យឯកជននៃប្រទេសអាស៊ានមួយចំនួនទៀតកាលពីពេលថ្មីៗនេះ ភាគីទាំងអស់បានឯកភាពគ្នាលើការបង្កើតស្ដង់ដារផលិតផលសំបុកត្រចៀកកាំ សម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន និងអាស៊ាន។
លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា កាលពីសប្ដាហ៍មុនេះ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា រួមជាមួយ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ធុង ឈីង (ប្រទេសចិន) និងប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិក និង អាជីវករកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារជាមួយ គយរបស់ចិន ប្រធានសមាគមក្នុងវិស័យត្រចៀកកាំនៃសាធារណៈរដ្ឋប្រជាមានិតចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអាជីករក្នុងវិស័យផលិតផលសំបុកទឹកមាត់ត្រចៀកកាំ ដើម្បីជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន និងអាស៊ាន។
បើតាមលោកជំទាវ វ៉ា សុជិន ជាលទ្ធផលនៃកិច្ចពិភាក្សានេះ រួមមាន ការឯកភាពនៃការរួបរួមគ្នាបង្កើតស្តង់ដារផលិតផលសំបុកត្រចៀកកាំរួមមួយ សម្រាប់ទីផ្សារប្រទេសចិន ក៏ដូចជាក្នុងតំបន់អាស៊ាន ពោលគឺស្ដង់ដាររួមនេះ គឺត្រូវពិនិត្យទៅលើកម្រិតសំណើមផលិតផល, ការកំណត់លេខកូដសម្គាល់ផលិតផល, ការកំណត់លេខកូដសម្គាល់ផ្ទះត្រចៀកកាំ និងវិធីសាស្ត្រក្នុងការសម្អាតមេរោគជាដើម។
ជាងនេះទៅទៀត អគ្គរដ្ឋបាលគយចិន នឹងមានវិធានការក្តៅបំផុតលើផលិតផលសំបុកត្រចៀកកាំខុសច្បាប់ ដើម្បីការពារការប្រកួតប្រជែងសម្រាប់ផលិតផលសំបុកត្រចៀកកាំនាំចូលដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ យ៉ាងណាមិញ ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ វ៉ា សុជិន ក៏បានបញ្ជាក់ឱ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញការគាំទ្រផលិតផលសំបុកត្រចៀកកាំកម្ពុជា ដើម្បីនាំចូលក្នុងទីផ្សារចិននាពេលខាងមុខនេះផងដែរ ពីព្រោះថាបរិយាកាស និងបរិស្ថាននៅកម្ពុជាល្អ មានភាពអំណោយផល ធ្វើឱ្យផលិតផលសំបុកត្រចៀកកាំកម្ពុជាមានគុណភាពខ្ពស់។
បើតាមប្រធានសមាគមរូបនេះ ក្រៅពីកិច្ចពិភាក្សាការងារ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយ ក្រុមហ៊ុនប្រមូលចែកចាយផលិតផលត្រចៀកកាំធំជាងគេនៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការទិញលក់ផលិតផលសំបុកត្រចៀកកាំកម្ពុជាផងដែរ។ ហើយជាជំហានបន្ទាប់ សមាគមអ្នក នឹងពិភាក្សាគ្នាបន្ថែមលើវិធីសាស្ត្រក្នុងការពន្លឿនអាជ្ញាបណ្ណនាំចូលប្រទេសចិន ព្រមទាំងខិតខំជំរុញ និងអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕