បញ្ហាថ្លៃដឹកជញ្ជូននិងឡូជីស្ទីកកម្ពុជានៅតែខ្ពស់

អ្នកជំនាញ៖ បញ្ហាថ្លៃដឹកជញ្ជូននិងឡូជីស្ទីកកម្ពុជានៅតែខ្ពស់ និងមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសជិតខាងបាននៅឡើយ


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីក បានអះអាងថា ចាប់ពីកម្ពុជាបានបើកសង្គមនិងសេដ្ឋកិច្ចឡើងវិញ រហូតមកដល់ពេលនេះ សកម្មភាពនានា នៅក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា បានដំណើរការជាធម្មតាឡើងវិញ ក៏ពិតមែន បញ្ហាថ្លៃដឹកជញ្ជូននៅតែជាបញ្ហាប្រឈម ហើយបើប្រៀបជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់ តម្លៃដឹកជញ្ជូននៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសដទៃដូចជា ថៃ និងវៀតណាមជាដើម ដែលធ្វើឲ្យវិស័យដឹកជញ្ជូននិងឡូជីស្ទីករបស់កម្ពុជា មិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅឡើយ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រូបភាព ៖ ក្រសួងសាធារណៈការ

ពាក់ព័ន្ធបញ្ហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងបន្តធ្វើកិច្ចការនះទៀត ដើម្បីកាត់បន្ថយថ្លៃ ឡូជីស្ទីកនៅ កម្ពុជា តាមរយៈការដាក់ចេញជាវិធានការកែទម្រង់ជារចនាសម្ព័ន្ធជាប្រព័ន្ធ និងជាកញ្ចប់ ដូចមានកំណត់ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ជាដើម។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ចាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកសង្គមនិងសេដ្ឋកិច្ចជាផ្លូវការឡើងវិញ វិស័យដឹកជញ្ជូននិងឡូជីស្ទីក នៅកម្ពុជា ក៏មានសកម្មភាពជាធម្មតាឡើងវិញ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី តម្លៃដឹកជញ្ជូនមានខ្ពស់នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា នាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា តម្លៃដឹកជញ្ជូនមានខ្ពស់ជាងប្រទេសជិតដូចជា ប្រទេសវៀតណាម និងថៃ ជាដើម គឺធ្វើឲ្យកម្ពុជាលំបាកក្នុងការប្រកួតប្រជែង

បើតាមឧកញ៉ា ស៊ិន ចន្ធី បញ្ហាថ្លៃដឹកជញ្ជូននៅកម្ពុជា ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សុទ្ធតែបន្តជួបប្រទះនូវបញ្ហាប្រឈម ពិសេសទាក់ទងនឹងតម្លៃតែម្ដង។ បើតាមរបាយការណ៍តម្លៃ ដែលផ្ដល់ឲ្យដោយឧកញ៉ា ស៊ិន ចន្ធី បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមផ្លូវគោកតាមឡានកុងតឺន័រធំៗ ពីកម្ពុជាទៅវៀតណាម មានតម្លៃប្រមាណ៦រយដុល្លារ។ រីឯពីកម្ពុជាទៅថៃវិញ មានតម្លៃចន្លោះពី៤រយដុល្លារទៅ ៥រយដុល្លារ។ ដោយឡែក តម្លៃដឹកជញ្ជូនតាមផ្លូវទឹក ពីកម្ពុជា ទៅតំបន់អឺរ៉ុប មានតម្លៃរហូតចន្លោះពី១ម៉ឺន៣ពាន់ដុល្លារ ទៅ១ម៉ឺន៧ពាន់ដុល្លារ ក្នុងមួយទូកុងតឺន័រ។

ដើម្បីដោះស្រាយថ្លៃដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ មិថុនា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ របស់ធនាគារពិភពលោក (WB) ដែលដឹកនាំដោយលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់WB ដើម្បីពិភាក្សា អំពីយុទ្ធសាស្រ្តកាត់បន្ថយ ថ្លៃឡូជីស្ទីក នៅកម្ពុជា ក្នុងបរិបទដែលខ្សែចង្វាក់ផ្គត់ផ្គង់សកល ត្រូវរាំងស្ទះដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ឆ្លៀតនាឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា។ ឯកឧត្តមបន្តថា សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីក ចម្រើន លូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជា ពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងរស់រវើកនោះទេ។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងបន្តធ្វើកិច្ចការនះទៀត ដើម្បីកាត់បន្ថយថ្លៃ ឡូជីស្ទីកនៅ កម្ពុជា តាមរយៈការដាក់ចេញជាវិធានការកែទម្រង់ជារចនាសម្ព័ន្ធជាប្រព័ន្ធ និងជាកញ្ចប់ ដូចមានកំណត់ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ជាដើម៕

None



អត្ថបទបន្ទាប់


កម្ពុជាបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថា “កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន"

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ត…

ក្រុមហ៊ុនធំៗកំពុងចាប់អារម្មណ៍អាជីវកម្មកញ្ឆានៅថៃ ក្រោយរដ្ឋាភិបាលអនុញ្ញាតឲ្យដាំ និងជួញដូរស្របច្បាប់

អាជីវកម្មកញ្ឆានៅប្រទេសថៃកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមហ៊ុនតូចធំនៅក្នុងប្រទេសនេះ ដោយទាក់ទាញការវិនិយោគបានជាង ៣៥ លានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ