ទីផ្សាររូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ ដែលនាំមុខដោយ Bitcoin សម្រេចបានកំណើនខ្ពស់ឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយសារកត្តាចម្បងមួយចំនួនរួមទាំងកត្តាអនុម័តលើមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ដែលបានទាក់ទាញវិនិយោគិនជាស្ថាប័ន ឬនីតិបុគ្គលជាច្រើនឱ្យវិនិយោគលើមូលនិធិរូបិយប័ណ្ណឌីជីថល Bitcoin ETF ឈានដល់៣៦ពាន់លានដុល្លារអាម៉េរិក ។
ទន្ទឹមនេះ ការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្ដាលអាម៉េរិក ក៏ជាកត្តាចម្បងជួយជំរុញឱ្យ Bitcoin ហក់ឡើងថ្លៃកាន់តែខ្លាំងឈានដល់ការបំបែកកំណត់ត្រាជាបន្តបន្ទាប់ផងដែរ។ ក្រុមអ្នកវិភាគបានព្យាករប្រកបដោយសុទិដ្ឋិនិយមថា Bitcoin អាចនឹងបន្តហក់ឡើងថ្លៃឈានដល់១៤ម៉ឺន៥ពាន់ដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ហើយរូបិយប័ណ្ណឌីជីថល Ethereum ក៏នឹងហក់ឡើងថ្លៃគួរសមដែរ ដោយសារពួកគេរំពឹងថា វិនិយោគិនជាស្ថាប័ននឹងចាប់អារម្មណ៍កាន់តែខ្លាំងលើរូបិយប័ណ្ណឌីធីថលទាំងនេះ។
ទិន្នន័យបានបង្ហាញថា Bitcoin កាន់កាប់៥៧,៧%នៃទីផ្សាររូបិយប័ណ្ណឌីជីថល ដូចនេះមូលធនអាចនឹងចាក់បញ្ចូលទៅលើរូបិយប័ណ្ណឌីជីថលផ្សេងៗទៀត។ ទោះជាយ៉ាងណា ថ្វីបើមានសញ្ញាវិជ្ជមានបែបនេះក្ដី ក៏ក្រុមអ្នកជំនាញបានព្រមានថា ការវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូមានហានិភ័យខ្ពស់ណាស់ តួយ៉ាងដូចពេលកន្លងមកដែលវិនិយោគិនធ្លាប់ខាតបង់ប្រាក់យ៉ាងច្រើន ដូចនេះវិនិយោគិនគួរតែសិក្សាស្រាវជ្រាវឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តវិនិយោគ៕
ដោយ: តែម សុខុម