លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រេចបានប្រាក់ចំណេញជិត៨៤លានដុល្លារនៅឆមាសទី១ឆ្នាំ២០២២ កើនឡើង២លាន៤សែនដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ បើគិតក្នុងត្រីមាសទី២ឆ្នាំនេះ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធទទួលបានប្រាក់ចំណេញជាង ៤៨លានដុល្លារ មានការកើនឡើងជាង១១លានដុល្លារ ឬស្មើនឹងកំណើន ៣០% បើធៀបនឹងត្រីមាសទី២កាលបីឆ្នាំ២០២១។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះ ការកើនឡើងប្រាក់ចំណេញ ទាំងដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ និងរងឥទ្ធិពលពិភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែនយ៉ាងដូច្នេះ គឺដោយសារការកើនឡើងនូវចំណូលការប្រាក់សុទ្ធ ចំណូលកម្រៃ និងជើងសាសុទ្ធ និងចំណូលផ្សេងៗ ខណៈចំណាយពីការខាតបង់ឱនភាពនៃតម្លៃសុទ្ធមានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
លោកស្រី ម៉ារ អមរា បានគូសបញ្ជាក់ទៀតថា ដើម្បីជួយជំរុញកំណើនប្រាក់ចំណេញ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរ ធនាគារ អេស៊ីលីដា បាន និងកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធចម្រុះឲ្យកាន់តែទូលំទូលាយសម្រាប់ផ្តល់ជាជម្រើសដ៏សម្បូរបែប ដើម្បីអភិវឌ្ឍបន្តិចម្តងៗទៅជាមជ្ឈមណ្ឌល ដែលអាចឲ្យអតិថិជនធ្វើស្វ័យប្រតិបត្តិការដោយខ្លួនឯង។
តាមរយៈការអភិវឌ្ឍប្រតិបត្តិការ និងសេវាកម្មឌីជីថលឥតឈប់ឈររបស់ខ្លួន ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ រំពឹងថា នឹងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ១៧០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលនឹងលើសពីផែនការដែលបានគ្រោងទុក និងលើសពីប្រាក់ចំណេញដែលសម្រេចបាននៅក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះ ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា បានបញ្ចុះអត្រាការប្រាក់លើការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ និងដោយកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចដាក់សំណើសុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល។ ជាលទ្ធផល សមតុល្យឥណទានដុលសរុបនៅត្រីមាសទី២ ឆ្នាំ២០២២ មានការកើនឡើងចំនួន ៥៧៤លានដុល្លារអាមេរិក ស្មើនឹង ១០,៥៧% ធៀបនឹងដំណាច់ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ារ អមរា។
លោកស្រី បានគូសបញ្ជាក់បន្ថែមថា៖«ការបង្កើនភាពងាយស្រួលដល់អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ិនធើណែត គឺជាចំណុចដែលធនាគារ អេស៊ីលីដា ផ្ដោតការយកចិត្តទុកដាក់បំផុត។ ដើម្បីសម្រេចនូវវឌ្ឍនភាពគោលដៅដ៏រឹងមាំទាំងនេះ ធនាគារនឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងពង្រីកនិងកែលម្អដំណើរការអាជីវកម្ម»។
ជាយុទ្ធសាស្ត្រ ធនាគារកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឲ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចភ្ជាប់ប្រព័ន្ធនេះ ដើម្បីបម្រើអតិថិជនទៅវិញទៅមក និងឆ្លងព្រំដែន។ ប្រព័ន្ធនេះមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏ឆ្លាតវៃរបស់ អេស៊ីលីដា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្មរបស់ពួកគេផងដែរ។ សម្រាប់លោកស្រី អតិថិជន និងដៃគូអាជីវកម្មទាំងអស់គឺជាបណ្ដាញតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ពង្រីកសេវាកម្មរបស់ធនាគារ និងរីកចម្រើនជាមួយគ្នា។
KHQR ផ្តល់នូវភាពងាយស្រួលជាងមុនជូនដល់អ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិករបស់កម្មវិធីបាគង (Bakong App) ។
សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា ចំនួន១,៧២លានប័ណ្ណជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង២,៦០លាននាក់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច៕