ចិនព្រមានថា កិច្ចសហការបែបនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនជាដាច់ខាត ដែលធ្វើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែតានតឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ទៅកាន់ប្រទេសឥណ្ឌា ថ្មីៗនេះ ភាគីជប៉ុន និងឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍រួម និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរហូតដល់ទៅជាង១០០លើវិស័យសំខាន់ៗរួមមាន បច្ចេកវិទ្យា បន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រ៉ែកម្រសំខាន់ៗ ថាមពលបៃតង សន្តិសុខដែនសមុទ្រ និងសូម្បីតែបេសកកម្មរួមទៅកាន់ឋានព្រះច័ន្ទនាពេលអនាគត។ ភាគីទាំងពីរក៏បានសម្តែងការព្រួយបារម្ភចំពោះការប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ការរឹតបន្តឹងការនាំចេញ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលអ្នកវិភាគជាច្រើនមើលឃើញថា ជាការសំដៅដោយប្រយោលទៅលើប្រទេសចិន។
ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ ក្រសួងការបរទេសចិន បានចេញមុខព្រមានភ្លាមៗថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា មិនត្រូវកំណត់គោលដៅប្រឆាំងប្រទេសទី៣ និងមិនត្រូវបង្កើតប្លុកផ្តាច់មុខ ដែលអាចនាំឱ្យមានការបែងចែក ការប្រឈមមុខ និងអស្ថិរភាពនៅក្នុងតំបន់នោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គ័រ ជាឃុន (Guo Jiakun) បានអះអាងថា ប្រទេសទាំងអស់គួរតែរួមគ្នាថែរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងប្រកាន់ខ្ជាប់ស្មារតីបើកចំហ និងកិច្ចសហប្រតិបត្តិការជាជាងបង្កើតសម្ព័ន្ធភាពថ្មីៗ ដែលជំរុញឱ្យមានការប្រកួតប្រជែងរវាងប្លុកមហាអំណាច។
ទន្ទឹមនេះ ចិន ក៏បានរិះគន់គោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុនផងដែរថា អាចជំរុញឱ្យមានការបែងចែក និងការប្រកួតប្រជែងក្នុងតំបន់ ខណៈជប៉ុន បានឆ្លើយតបវិញថា គោលនយោបាយនេះមានលក្ខណៈបើកចំហសម្រាប់គ្រប់ប្រទេស និងមិនមានគោលបំណងបង្កជម្លោះជាមួយប្រទេសណាមួយឡើយ។
ក្រុមអ្នកវិភាគមើលឃើញថា ការចេញមុខព្រមានពីសំណាក់ទីក្រុងប៉េកាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើង នៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច ខណៈជប៉ុន និងឥណ្ឌា កំពុងពន្លឿនការកសាងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ពង្រឹងសន្តិសុខសេដ្ឋកិច្ច ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន ដែលកំពុងធ្វើឱ្យតុល្យភាពអំណាចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែប្រែប្រួល និងតានតឹងជាងមុន៕
ដោយ: តែម សុខុម