ទោះជាយ៉ាងណាគំរូជោគជ័យនេះ ទំនងជាមិនអាចក្លាយជាផែនទីបង្ហាញផ្លូវដ៏រលូន សម្រាប់យកមកថតចម្លងដោះស្រាយវិបត្តិដែនសមុទ្ររវាងកម្ពុជា និងថៃ បានឡើយ នោះក៏ព្រោះតែបរិបទនយោបាយ ផ្នត់គំនិតជាតិសាសន៍ និងកត្តាស្មោះត្រង់ចំពោះច្បាប់អន្តរជាតិ រវាងអូស្ត្រាលី និងថៃ មានគម្លាតខុសគ្នាដូចមេឃ និងដី។
ជ័យជម្នះខាងផ្លូវច្បាប់របស់ទីម័រខាងកើត ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមឆត្រ UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្រជាមួយអូស្ត្រាលី ពិតជាបានផ្តល់នូវបទពិសោធដ៏មានតម្លៃស្របពេលដែលកម្ពុជា កំពុងដើរលើជម្រើសផ្លូវច្បាប់នេះជាមួយប្រទេសថៃ។ យន្តការអន្តរជាតិនេះ ត្រូវបានគេមើលឃើញថា ជាច្រកចេញដ៏សំខាន់ក្នុងការដោះស្រាយតំបន់ទាមទារត្រួតគ្នាទំហំ២៦,០០០ គីឡូម៉ែត្រការ៉េ ដែលជាប្រភពថាមពលប្រេងកាត និងឧស្ម័នធម្មជាតិ មានតម្លៃប៉ាន់ស្មានរហូតដល់ទៅ ៣០០ពាន់លានដុល្លារ ជាពិសេសបន្ទាប់ពីភាគីថៃ បានសម្រេចលុបចោលជាឯកតោភាគីលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាឯកសារទ្វេរភាគីតែមួយគត់។
គួររំលឹកថា ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទីម័រខាងកើត បានអូសទាញអូស្ត្រាលី ឱ្យមកដោះស្រាយគ្នាតាមផ្លូវច្បាប់រយៈពេល២ឆ្នាំយ៉ាងជោគជ័យ។ ពាក់ព័ន្ធនឹងយន្តការនេះលោក ម៉ាកូស ឌូស រី ដា កូស្តា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា បានចែករំលែកនៅក្នុងវេទិកាពិភាក្សាមួយ រៀបចំដោយមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជានៅសាលាអន្តរជាតិ Cam-Asean ថា នេះជាយន្តការដ៏ក្លាហានមួយរបស់រដ្ឋតូចតាចដូចជាទីម័រខាងកើត ក្នុងការតតាំងជាមួយប្រទេសយក្សដូចជាអូស្ត្រាលី។ លោកបានសង្កត់ធ្ងន់ថា វាមិនមែនជារឿងចាញ់ ឬឈ្នះនោះទេ ប៉ុន្តែវាជាការសាកល្បងដោយផ្អែកលើជំនឿចិត្តលើច្បាប់អន្តរជាតិ។ លោកបន្ថែមថា យន្តការផ្សះផ្សាដោយបង្ខំមិនមែនជាជម្លោះបំបែកបំបាក់ទេ ប៉ុន្តែជាដំណើរការការទូត ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីនាំរដ្ឋនានាមកអង្គុយលើតុចរចា។
ឯកអគ្គរដ្ឋទូតរូបនេះ បានបង្ហើបទៀតថា នៅក្នុងរយៈពេល២ឆ្នាំនៃការចរចានោះ រដ្ឋាភិបាលទាំងពីរទីម័រ និងអូស្ត្រាលី បានរក្សាការសម្ងាត់ខ្ពស់បំផុតដោយជៀសវាងដាច់ខាតនូវវោហាសាស្ត្រវាយប្រហារគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ហើយធានាថា កិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតនៅតែដើរទៅមុខធម្មតា។ អ្វីដែលព្រមព្រៀង គឺបន្តធ្វើ រីឯអ្វីដែលមិនទាន់ត្រូវគ្នា គឺរក្សាទុកចរចាបន្តដោយស្ងៀមស្ងាត់។
ការចែករំលែកបទពិសោធន៍នេះ វាហាក់ស្របទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់បានការចរចាប្រកបដោយវិជ្ជាជីវៈ។ ប៉ុន្តែការពិតជាក់ស្តែងដែលត្រូវទទួលស្គាល់ គឺជំហររបស់កម្ពុជា និងទីម័រខាងកើតអាចនឹងស្រដៀងគ្នាក្នុងនាមជារដ្ឋតូច តែចរិតលក្ខណៈរបស់ដៃគូចរចា គឺអូស្ត្រាលី និងថៃមិនដូចគ្នាឡើយ។
អូស្ត្រាលីជារដ្ឋស៊ីវិល័យ ដែលឱ្យតម្លៃលើនីតិរដ្ឋយកច្បាប់អន្តរជាតិជាធំ និងប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវខាងសច្ចៈភាព។ ផ្ទុយស្រឡះពីភាគីថៃ ដែលមកទល់ពេលនេះ គោលជំហររបស់រដ្ឋាភិបាលហាក់នៅរារែក វង្វេងវង្វាន់ និងតែងតែរេទៅតាមខ្យល់ជំនោរ នៃនយោបាយផ្ទៃក្នុង ដែលពោរពេញដោយចរន្តជាតិនិយមជ្រុល។ ថ្វីបើទីក្រុងបាងកកតែងតែដើរប្រាប់ពិភពលោកថា ខ្លួនជារដ្ឋគោរពច្បាប់ ប៉ុន្តែជាក់ស្តែងពួកគេតែងតែយកផែនទី ដែលខ្លួនគូសឡើងដោយឯកតោភាគីមកធ្វើជាសំអាង ហើយព្យាយាមប្រើឥទ្ធិពលបង្ខំឱ្យអ្នកដទៃទទួលស្គាល់។ ទឡ្ហីរណ៍ជាក់ស្តែង គឺទង្វើដែលថៃបាន និងកំពុងធ្វើនៅលើសមរភូមិព្រំដែនគោកនាពេលកន្លងមក ដែលសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាព្រំដែនសមុទ្រ ក៏នឹងមិនខុសគ្នាដែរ។ អ្វីដែលរដ្ឋាភិបាលថៃកំពុងបង្ហាញនៅពេលនេះ ហាក់បីដូចជាឆាកល្ខោននយោបាយ ឬគ្រាន់តែជាការសម្តែង ដើម្បីទិញពេលតែប៉ុណ្ណោះ។
សរុបមក ករណីទីម័រខាងកើត ពិតជាអាចយកមកធ្វើជាគំរូសម្រាប់កម្ពុជា បានត្រឹមតែផ្នែកនីតិវិធីផ្លូវច្បាប់ ប៉ុណ្ណោះ ព្រោះវាបានបង្ហាញថា យន្តការក្រោមច្បាប់ UNCLOS អាចជួយបំបែកភាពជាប់គាំងបាន។ ប៉ុន្តែ វាមិនមែនជាផែនទីបង្ហាញផ្លូវ ដែលអាចយកមកអនុវត្តទាំងស្រុងចំពោះថៃ បានឡើយ ព្រោះលទ្ធផលចុងក្រោយមិនមែនអាស្រ័យតែលើអង្គហេតុច្បាប់ ភស្តុតាង និងការបកស្រាយន័យ នៃច្បាប់សមុទ្រនោះទេ អ្វីដែលជាឫសគល់សំខាន់បំផុតនោះថា តើភាគីថៃមានឆន្ទៈនយោបាយពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងទម្លាក់ចោលនូវមហិច្ឆតាជាតិនិយមជ្រុលបានដែរឬទេ?
ដោយៈ សរ សុជាតិ