នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ធនាគារពិភពលោកបាននិយាយថា ខ្លួនមិនបានអនុម័តប្រាក់កម្ចីថ្មីណាមួយ ឬការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ីនោះទេចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ពោលគឺចាប់តាំងពីឆ្នាំដែលរុស្ស៊ីកាត់យកតំបន់គ្រីមៀនៃប្រទេសអ៊ុយក្រែន។ ហើយទន្ទឹមនេះ ប្រទេសបេឡារុសក៏មិនបានទទួលប្រាក់កម្ចីថ្មីណាមួយដែរ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ គឺនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសនេះជុំវិញជម្លោះនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ការសន្យាផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោកដល់ប្រទេសបេឡារុសមានចំនួនសរុបជាង ៣០០ លានដុល្លារក្នុងឆ្នាំ ២០២០ ជាមួយនឹងគម្រោងសកម្មភាពរួមមាន គម្រោងរោងចក្រកំដៅជីវម៉ាស ការងារអភិវឌ្ឍព្រៃឈើ និងទំនើបកម្មអប់រំ។ ដោយឡែក ធនាគារពិភពលោកក៏បានផ្តល់ប្រាក់កម្ចីជាង ១៦ ពាន់លានដុល្លារដល់ប្រទេសរុស្ស៊ីដែរចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយក្នុងនោះគម្រោងថ្មីៗបំផុត ដែលត្រូវបានអនុម័តរួមទាំងកម្មវិធីយុវជនក្នុងឆ្នាំ ២០១៣ និងកម្មវិធីបេតិកភណ្ឌវប្បធម៌តាំងពីឆ្នាំ ២០១០។
គួរជម្រាបថា ធនាគារពិភពលោកមានគម្រោងកំពុងដំណើរការចំនួន ១១ នៅក្នុងប្រទេសបេឡារុស ដែលមានទឹកប្រាក់ចំណាយសរុបចំនួន ១ពាន់ ២រយលានដុល្លារអាមេរិក ហើយគម្រោងទាំងនោះទាក់ទងនឹង វិស័យថាមពល ការអប់រំ ការដឹកជញ្ជូន និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ខណៈគម្រោងរបស់ធនាគារពិភពលោកដែលកំពុងដំណើរការនៅរុស្ស៊ីវិញ មានតែចំនួន ៤ គម្រោងប៉ុណ្ណោះ ដែលមានតម្លៃ ៣៧០ លានដុល្លារអាមេរិក ដែលភាគច្រើនចំណាយលើការដោះស្រាយបញ្ហាគោលនយោបាយ។
ការសម្រេចចិត្តបញ្ឈប់គម្រោងទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់រួមគ្នាផ្តល់មូលនិធិបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។
ជាក់ស្ដែង ធនាគារពិភពលោកបានប្រកាសថាខ្លួនកំពុងរៀបចំកញ្ចប់ជំនួយចំនួន ៣ ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែនដែលកំពុងហែកហួរដោយសង្រ្គាមឈ្លានពានពីរុស្ស៊ី ដែលក្នុងនោះនឹងរួមបញ្ចូលយ៉ាងហោចណាស់ ៣៥០ លានដុល្លារជាមូលនិធិផ្ដល់ជូនភ្លាមៗតែម្ដង ខណៈដែល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិវិញក៏កំពុងរៀបចំផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន AFP៕
អត្ថបទ ស៊ើង និមល់