ក្រុមហ៊ុន AMD បានបង្ហាញបន្ទះឈីប AI ថ្មីនៅក្នុងសន្និសីទបច្ចេកវិទ្យា Computex ដែលបានរៀបចំឡើងនៅកោះតៃវ៉ាន់។ ពាក់ព័ន្ធនឹងផលិតកម្មនេះ លោកស្រី លីសា សូ (Lisa Su) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AMD បានចាត់ទុកបច្ចេកវិទ្យា AI គឺជាអាទិភាពទីមួយ ហើយក្រុមហ៊ុន AMD កំពុងចាប់ផ្តើមជាមួយផលិតកម្មបន្ទះឈីប ដ៏គួរឱ្យទុកជឿជាក់ និងទុកចិត្តបានសម្រាប់ឧស្សាហកម្ម ដែលកំពុងមានការប្រកួតប្រជែងខ្លាំងមួយនេះ។ ក្រុមហ៊ុន AMD កំពុងបំពាក់នូវបន្ទះឈីប AI ដែលមានសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវគុណភាព និងធានានូវផ្លាស់ប្តូរទម្រង់ នៃទីផ្សារកុំព្យូទ័រនៅពេលអនាគតដ៏ខ្លីខាងមុខ។
ថ្នាក់ដឹកនាំរូបនេះ បានអះអាងថា បន្ទះឈីបថ្មីម៉ូដែល Ryzen AI 300 គឺជាផលិតផលថ្មីសម្រាប់បំពាក់ក្នុងកុំព្យូទ័រយួរដៃ AI ជំនាន់ក្រោយ។ បន្ទះឈីបនេះនឹងផ្តល់ប្រសិទ្ធភាព និងមុខងារដ៏រស់រវើកដល់កុំព្យូទ័រយួរដៃ ដែលបំពាក់ដោយ AI chatbot Copilot របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះក៏បានបង្ហាញពីបន្ទះឈីបមូលដែល Ryzen 9000 សម្រាប់កុំព្យូទ័រលើតុ ដែលជាប្រព័ន្ធដំណើរការកុំព្យូទ័រ ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក សម្រាប់ការលេងហ្គេម និងការបង្កើតមាតិកាផ្សេងៗ។
ដោយឡែកក្រុមហ៊ុន Nvidia បានបង្ហាញបន្ទះឈីប AI ជំនាន់ចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Rubin ដែលជាម៉ូដែលថ្មីជំនួសឲ្យមូដែលចាស់ Blackwell ដែលត្រូវបានប្រកាសចេញកាលពីប៉ុន្មានខែមុនផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ជេនសេន ហួង ( Jensen Huang ) បានសន្យាថា ខ្លួននឹងបញ្ចេញបច្ចេកវិទ្យា AI chip ថ្មីជារៀងរាល់ឆ្នាំ ដែលលឿនជាងការកំណត់រយៈពេលពីរឆ្នាំ៕