លើសពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីគោលបំណងរៀបចំកសាងតំបន់រុនតាឯក ដែលជាទីលំនៅថ្មីរបស់ពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ ឲ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយ នៅថ្ងៃអនាគត ផងដែរ។
ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តព្រមរុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ តាមការស្នើសុំរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។ ឆ្លៀតនាឱកាសនោះ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញពីគោលបំណងនិងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលសម្រេចឲ្យប្រជាពលរដ្ឋរុះរើលំនៅឋាន និងសំណង់ផ្សេង ពីតំបន់រមណីយដ្ឋានអង្គរ។ បើតាមសម្ដេច ហ៊ុន សែន តំបន់រមណីយដ្ឋានជាតំបន់ប្រវត្តិសាស្រ្ត និងជាតំបន់បេតិកភណ្ឌពិភពលោក ដូច្នេះ បើសិនមានការតាំងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ អាចនឹងធ្វើឲ្យតំបន់នេះខុសនឹងលក្ខណៈនិ ងទម្រង់ដើម ដែលតំបន់នេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ១៩៩២។
សម្តេចបានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីកន្លែងមិនស្របច្បាប់នៅរមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ត្រូវទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល១០ឆ្នាំ។ សម្តេចបានបញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ដាក់បញ្ចូលគ្រួសារដែលចាប់ឆ្នោតទៅតាំងទីលំនៅថ្មីនេះ ឱ្យទទួលបានបណ្ណក្រីក្រ និងបណ្ណទទួលថវិកាសម្រាប់ពលរដ្ឋរងគ្រោះដោយកូវីដ១៩ថែមទៀត។ បន្ថែមលើនោះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ទៅថ្ងៃក្រោយ រុនតាឯក មិនមែនជាជនបទទៀតទេ រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍ ដោយសម្តេចបានបង្ហាញពីគោលបំណងរៀបចំកសាងតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី ឲ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយ នៅថ្ងៃអនាគត ផងដែរ។
សូមបញ្ជាក់ថា កាលពីខែសីហា កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងមួយដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។
បើតាមរបាយការណ៍ដែលបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុបជាង ៩ម៉ឺនក្បាលដី ទំហំ ១១ពាន់ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ជិត ៤ម៉ឺនក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤ម៉ឺន៧ពាន់ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួនប្រមាណ ៧ពាន់ក្បាលដី៕