លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានអោយដឹងថា «ការរក្សាទន្លេមេគង្គក្រោមក្នុងប្រទេសកម្ពុជាឲ្យនៅតែមានលំហូរតាមបែបធម្មជាតិគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់មនុស្ស និងធម្មជាតិ ហើយអង្គការ WWF សូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្អាកគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនី ហើយងាកទៅស្វែងរកប្រភពថាមពលដទៃទៀតដូចជាថាមពលពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា«អង្គការ WWF ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍផែនការថាមពលប្រកបដោយនិរតន្តរភាពដែលមានលក្ខណៈជាប្រព័ន្ធ ដែលផ្តោតលើជម្រើសថាមពលកកើតឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ហើយចូលរួមចំណែកសម្រេចគោលដៅថាមពលរបស់ប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើទំនប់កាត់ទន្លេដែលកំពុងហូរតាមបែបធម្មជាតិរបស់ប្រទេសកម្ពុជាឡើយ។”
លោក ម៉ាក ហ្គ័រហ្សូ (Marc Goichot) ប្រធានកម្មវិធីទឹកសាប នៃអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ដែរថា «ការពន្យាពេល ១០ ឆ្នាំ ក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនានាកាត់ទន្លេមេគង្ក ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាដំណឹងល្អបំផុតសម្រាប់អនាគតមនុស្សរាប់លាននាក់ដែលរស់នៅតាមដងទន្លេមេគង្គ និងជីវៈចម្រុះជាច្រើន ដែលពឹងអាស្រ័យនឹងទន្លេនេះ ជាពិសេសគឺសម្រាប់សត្វផ្សោតមេគង្គ (Irrawaddy dolphin) នៅក្នុងប្រទេសកម្ពុជា ដែលជាប្រភេទសត្វទឹកសាបសំខាន់ជាសកល។ លោកថា «វិទ្យាសាស្ត្របានបង្ហាញយ៉ាងច្បាស់ថាទំនប់វារីអគ្គិសនីអាចធ្វើឲ្យធ្លាក់ចុះនូវប្រភេទត្រីជាច្រើន ព្រមទាំងរាំងស្ទះលំហូរដីល្បាប់ ដែលអាចនឹងពន្លឿនការជន់លិច និងការរួមតូច នៃដីសណ្តរ និងគម្រាមកំហែងដល់ទិន្នផលស្រូវជាច្រើនកន្លែង សហគមន៍នេសាទ និងនិរន្តរភាពសេដ្ឋកិច្ច នៃប្រទេសវៀតណាម។
ប្រធានកម្មវិធីទឹកសាប នៃអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានជំនឿចិត្តថា ការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់ប្រទេសកម្ពុជាគឺជាឧទាហរណ៍គម្រូមួយសម្រាប់ប្រទេសដទៃទៀត ឲ្យទទួលស្គាល់ថាទន្លេដែលមានលំហូរតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងប្រភេទសត្វជាច្រើនរាប់មិនអស់ ដែលពឹងអាស្រ័យលើទន្លេនេះ។