ក្រោយមានការលេចឭពីដំណឹងដោះដូរដីនៅភ្នំតាម៉ៅនេះដែរ បានក្លាយជាប្រធានបទក្តៅមួយ និងកំពុងមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយក៏មានប្រជាពលរដ្ឋ និងអង្គការមួយចំនួនបានបង្ហាញពីក្តីបារម្ភចំពោះបញ្ហានេះ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃផងដែរ។ ទោះយ៉ាងណា ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ការដោះដូរដីនេះមិនបានធ្វើឲ្យតប៉ះពាល់ដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានទំហំ៤០០ហិកតានោះទេ។
ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ ដែលជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តតាកែវបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដោះដូរដីចំនួនពីរទីតាំងនៅតំបន់ភ្នំតាម៉ៅ ដែលមានទំហំសរុប៨រយហិកតា ជាមួយក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ដែលគេស្គាល់ថា ជាក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមគោទឹកដ៏ដ៏ធំជាងគេមួយនៅកម្ពុជា។ តាមរយៈការដោះដូរនេះ រាជរដ្ឋាភិបាលទទួលបានដី១ពាន់១២២ហិកតាជាថ្នូរត្រឡប់មកវិញ ។
ក្នុងលិខិតខាងលើបានបញ្ជាក់ថា ទីតាំងដោះដូរទី១មានទំហំ៣០០ហិកតា គឺជាទីតាំងដីស្ថានីយចិញ្ចឹមគោពូភ្នំតាម៉ៅដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ សម្រាប់ការដោះដូរទីតាំងទី១នេះ រាជរដ្ឋាភិបាលទទួលបានដី៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ និងសម្ភារ យានយន្ដ និងគ្រឿងចក្រជាច្រើនទៀត។
ចំណែកទីតាំងទីពីរ ដែលមានទំហំ៥០០ហិកតា គឺជាទីតាំងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ សម្រាប់ការដោះដូរទីតាំងទីពីរនេះ រាជរដ្ឋាភិបាល ទទួលបានមកវិញនូវដី២កន្លែង ដោយកន្លែងទី១ មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតាស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដី២៥០ហិកតានៅខេត្តសៀមរាប រាជរដ្ឋាភិបាលនឹងបង្កើតសួនសត្វ Safari Angkor ខណៈដីនៅខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលនឹងបង្កើតសួនភូតគាម មណ្ឌលគិរី។ បន្ថែមលើដីទាំងពីរទីតាំងនេះ រដ្ឋាភិបាលក៏ទទួលបានយានយន្ដរាប់សិបគ្រឿងបន្ថែមទៀតផងដែរ។
ពាក់ព័ន្ធការដោះដូរដីនៅតំបន់ភ្នំតាម៉ៅនេះបានក្លាយជាប្រធានបទក្តៅមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយក៏មានប្រជាពលរដ្ឋ និងអង្គការមួយចំនួនបានបង្ហាញពីក្តីបារម្ភចំពោះបញ្ហានេះ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃផងដែរ។ ជាក់ស្តែងក្រោយទទួលបានដំណឹងរាជរដ្ឋាភិបាលបានកាត់ដីនៅតំបន់ភ្នំតាម៉ៅមួយផ្នែកទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) បានស្នើសុំជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីអន្តរាគមន៍បន្ទាន់បញ្ឈប់ការបំផ្លាញព្រៃភ្នំតាម៉ៅជាជម្រកសត្វព្រៃ ស្ថិតនៅក្រោមការការពាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកស្រីបានបង្ហាញក្តីបារម្ភថា ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍលើផ្ទៃដី៥០០ហិកតានេះ នឹងធ្វើឲ្យដីព្រៃភ្នំតាម៉ៅត្រូវកាត់ផ្ដាច់ជាពីរបំណែកតូចៗ ហើយសត្វព្រៃជាង១ពាន់ក្បាលនឹងបាត់បង់ទីជម្រក ខណៈឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនឹងបាត់បង់កេរ្តិ៍ឈ្មោះ។ លើសពីនេះការងាររួមគ្នារវាងរដ្ឋាភិបាល និងអង្គការ Wildlife Alliance រយៈពេល២០ឆ្នាំកន្លងមកក្នុងការការពារប្រព័ន្ធបរិស្ថាននៅទីនេះនឹងគ្មានអ្វីទាំងអស់ និងថវិការួមវិភាគទានរបស់អង្គការនឹងទទេស្អាត។
ឆ្លើយតបនឹងក្តីកង្វល់ខាងលើឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ការដោះដូរដីនៅតំបន់ភ្នំតាម៉ៅជាមួយក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល នេះមិនបានប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំជាង៤០០ហិកតា និងមានរបងព័ទ្ធជុំវិញជាង៨គីឡូម៉ែត្រនិងមានហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍកន្លងមកនោះទេ។ ហើយបញ្ហានេះ ក៏មិនបានប៉ះពាល់ទៅដល់ការសហការជួយរបស់អង្គការ Wildlife Alliance ឬការអនុវត្តអនុស្សរណៈយោគយល់គ្ន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ Wildlife Alliance ដែរ។
ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍ គម្រោងយុទ្ធសាស្ត្រនានា ជំរុញ និងកែលម្ផឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅឲ្យមានការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ»៕