បើទោះបីជាសាលក្រមនេះជួយឱ្យលោក អានុទីន រួចផុតពីការដួលរលំកៅអីនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែវាមិនអាចជួយលុបលាងនូវភាពបរាជ័យផ្នែកគ្រប់គ្រងសេដ្ឋកិច្ចជាតិ ដែលកំពុងតែដុនដាបទៅៗនោះឡើយ។
កាសែត បាងកក ប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី៩ ខែកក្កដា ថា កញ្ចប់ថវិកាដ៏មហាសាល ដែលរដ្ឋាភិបាលថៃ ព្យាយាមចាក់ចេញតាមទ្វារក្រោយដោយរំលងសភានេះ ត្រូវបានគេអះអាងថា នឹងយកទៅប្រើប្រាស់លើគម្រោងធំៗចំនួនពីរ គឺកម្មវិធីឧបត្ថម្ភធនថៃ ជួយថៃ និងការវិនិយោគលើថាមពលបៃតង។ យ៉ាងណាមិញ ល្បិចកលនៃការប្រើប្រាស់ក្រឹត្យបន្ទាន់ ដើម្បីគេចវេះពីការត្រួតពិនិត្យរបស់សភា នេះ ត្រូវបានតាមទាន់ដោយក្រុមបក្សប្រឆាំង។ សមាជិកសភា នៃគណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏មានឥទ្ធិពលបានរិះគន់ចំៗថា ពួកគេមិនបានប្រឆាំងនឹងគោលនយោបាយបៃតងនោះទេ ប៉ុន្តែអ្វីដែលពួកគេមិនអាចទទួលយកបាន គឺភាពមិនតម្លាភាព និងការលាក់បាំងព័ត៌មានលម្អិត នៃសមាសភាគថាមពលស្អាតនេះពីក្រសែភ្នែករបស់រដ្ឋសភាជាតិ។
គណបក្សប្រជាជនបានវាយបកយ៉ាងចាស់ដៃថា ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសថៃ មិនទាន់មានសញ្ញាណាមួយបង្ហាញថា ស្ថិតក្នុងគ្រោះអាសន្នរហូតដល់ថ្នាក់ត្រូវរំលងនីតិវិធីច្បាប់របស់សភានោះឡើយ។ លោក ណាត់ថាផុង រឿងបញ្ញាវុធ (Natthapong Ruengpanawut) មេដឹកនាំគណបក្សប្រជាជនបានថ្លែងឌឺដងទៅកាន់ការសម្រេចរបស់តុលាការនៅថ្ងៃព្រហស្បតិ៍ថា លោកមានការខកចិត្ត ប៉ុន្តែមិនមានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគ្រាន់តែយកពាក្យថា បន្ទាន់មកធ្វើជាលេសបិទបាំងភាពភ័យខ្លាចក្នុងការចូលមកដេញដោលតាមប្រព័ន្ធប្រជាធិបតេយ្យតែប៉ុណ្ណោះ។
ដើម្បីការពារមុខមាត់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដែលជាកូនជឹងក្នុងគណបក្សភូមិចៃថៃ របស់លោក អានុទីន បានចេញមុខដោះសារទាំងទទឹងទិសថា ការខ្ចីប្រាក់នេះជាជម្រើសតែមួយគត់ ព្រោះតម្លៃថាមពលបានហក់ឡើងខ្ពស់កប់ពពក ដែលកំពុងតែដុតរោលជីវភាពពលរដ្ឋថៃ គ្រប់រូប។ ប៉ុន្តែ តថភាពជាក់ស្តែង ដែលរដ្ឋាភិបាលថៃ មិនអាចប្រកែកបាន គឺត្រឹមតែរយៈពេលប៉ុន្មានខែដំបូង នៃការកាន់អំណាចក្នុងអាណត្តិ៤ឆ្នាំនេះ រដ្ឋាភិបាលលោក អានុទីន បានរងនូវរលកបណ្តាសា និងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ វិបត្តិថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅអ៊ីរ៉ង់ បាននិងកំពុងរុញច្រានប្រជាកសិករថៃឱ្យលិចលង់ក្នុងវាលវដ្តសង្សារនៃបំណុលវ័ណ្ឌក។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺការខូចខាតខ្ទេចខ្ទីនៃសេដ្ឋកិច្ចរបស់ប្រជាជនថៃ តាមបណ្ដោយព្រំដែនជាប់នឹងប្រទេសកម្ពុជា ដែលជាលទ្ធផល នៃនយោបាយការបរទេសខ្វះការពិចារណារបស់ខ្លួន។
គួររំឮកថា កាលពីឆ្នាំ២០២៥ កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសថៃ សម្រេចបានកំណើនត្រឹមតែ២,៤% ប៉ុណ្ណោះ ពោលគឺដើរយឺតជាងបណ្តាប្រទេសជិតខាងក្នុងតំបន់ឆ្ងាយណាស់។ ខណៈដែលការព្យាករសម្រាប់ឆ្នាំ២០២៦ នេះ កំណើនសេដ្ឋកិច្ចថៃ ត្រូវបានគេមើលឃើញថា នឹងបន្តធ្លាក់ចុះមកនៅត្រឹម២,៣% ថែមទៀត។ ការឈ្នះក្តីនៅតុលាការធម្មនុញ្ញអាចជួយឱ្យលោក អានុទីន រួចខ្លួនពីសំណាញ់ច្បាប់ជាបណ្តោះអាសន្ន ប៉ុន្តែវាមិនមែនជាថ្នាំទិព្វ ដែលអាចស្រោចស្រង់សេដ្ឋកិច្ចថៃ ដែលកំពុងតែដេកដួលស្ដូកស្ដឹងនោះឡើយ៕
អត្ថបទៈ សួន ឡង់ទី