ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក អាឡិចសេនឌ័រ ណុវេក (Alexander Novak) បានប្រកាសគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែកក្កដា ថា រដ្ឋាភិបាលរុស្ស៊ីបានដាក់បម្រាមនាំចេញប្រេងម៉ាស៊ូតភ្លាមៗ ដើម្បីធានាការផ្គត់ផ្គង់ប្រេងនៅក្នុងស្រុក ដែលកំពុងខ្វះខាតកាន់តែខ្លាំងឡើង។ ការសម្រេចចិត្តនេះកើតមានឡើងបន្ទាប់ពីអ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូនអត្តឃាតទៅលើរោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុកប្រេង និងស្ថានីយថាមពលរបស់រុស្ស៊ី។ ការវាយប្រហារទាំងនេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងរាំងស្ទះ តម្លៃប្រេងហក់ឡើង ហើយប្រជាជននៅតំបន់មួយចំនួនត្រូវតម្រង់ជួររង់ចាំចាក់សាំងអស់ជាច្រើនម៉ោងទម្រាំតែបានចាក់។
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីរូបនេះបានទទួលស្គាល់ថា ស្ថានការណ៍នៅតែគួរឱ្យព្រួយបារម្ភ ហើយរដ្ឋាភិបាលរុស្ស៊ី ក៏បានបញ្ជាឱ្យរោងចក្រចម្រាញ់ប្រេងដំណើរការពេញសមត្ថភាព និងពន្យារពេលការជួសជុលមួយចំនួន ដើម្បីបង្កើនផលិតកម្មប្រេងឥន្ធនៈ។
ទន្ទឹមនេះប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Saratov របស់រុស្ស៊ី ខណៈអ៊ុយក្រែនអះអាងថា ទីតាំងនេះ គឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី។
បើយោងតាមវិមានក្រឹមឡាំង បម្រាមនាំចេញប្រេងម៉ាស៊ូតនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំនេះ ប៉ុន្តែមិនអនុវត្តចំពោះការនាំចេញក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលមានស្រាប់នោះទេ៕
ដោយ: តែម សុខុម