សារព័ត៌មានរ៉យទ័រ បានស្រង់សម្ដី លោក ចៅ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទសចិន បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់អាមេរិក គឺសុទ្ធតែខុស ហើយភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងចិន និងអូស្ត្រាលី គឺបណ្ដាលមកពីអូស្ត្រាលីខ្លួនឯង ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
ការឆ្លើយតបពីសំណាក់អ្នកនាំពាក្យក្រសួងការបរទេសចិនយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្រោយពេលលោកស្រី ខាតធើរិន តៃ តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយក្ដែងៗកាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក គឺកំពុងសង្កេតមើលយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះភាពតានតឹងពាណិជ្ជកម្មរវាងអូស្ត្រាលី និងចិន ហើយអាមេរិកនឹងគាំទ្រដល់រដ្ឋាភិបាលក្រុងកង់បេរ៉ា ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។
សូមបញ្ជាក់ថា បញ្ហារកាំរកូសរវាងអូស្ត្រាលី និងចិននេះ គឺបានចាប់ផ្ដើម និងបន្ដអូសបន្លាយមកតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលដំបូងផ្ដើមចេញឡើង ពីការហាមឃាត់របស់អូស្ត្រាលីចំពោះក្រុមហ៊ុនចិន Huawei អភិវឌ្ឍបណ្ដាញ 5G នៅក្នុងប្រទេសរបស់ខ្លួន។ ក្រោយមក ភាគីទាំងពីរ ក៏កើតមានការពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំងថែមទៀត នៅក្រោយពេលដែល អូស្ត្រាលី ទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ អំពីប្រភពដើមនៃជំងឺកូវីដ-១៩។ តាំងពីនោះ មកជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ដមានជាហូរហែ ដោយមានការដំឡើងពន្ធលើទំនិញសំខាន់ៗរវាងគ្នាជាបន្ដបន្ទាប់ ពិសេស គឺចិនបានដំឡើងពន្ធកប់ក្ដោងដល់ទៅជាង២០០% លើមុខទំនិញស្រាក្រហមនាំចូលពីអូស្ត្រាលី។
ថ្មីៗនេះដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏ទើបបានប្រកាសដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស់ចិននេះដែរ៕