វិនិយោគិន​ហុងកុង​​ដែល​នៅពីក្រោយ​ខុនដូ Urban Village

វិនិយោគិន​ហុងកុង​វ័យ​ក្មេង ដែល​អភិវឌ្ឍ​ "ខុនដូ​ល្អ​ជាង​គេ​បំផុត​នៅ​អាស៊ី" នៅ​កម្ពុជា


នៅចុង​ឆ្នាំ​២០១៩ ខុនដូ Urban Village ដែល​ជា​គម្រោង​ខ្ពស់​ជាង​គេ​រហូត​ទៅ​ដល់ ១៨០​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ) ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ដោយសារតែ​គម្រោង​នេះ​ជា​គម្រោង​ទីមួយ​មកពី​ប្រទេស​កម្ពុជា ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​តំបន់​ជា​គម្រោង​ខុន​ដូ​ល្អ​បំផុត​នៅអាស៊ី។
លោក Ben Li (បិន លី) ​ជា​វិនិយោគិន​ចិន​មកពីទីក្រុង​ហុងកុង និង​​ជា​ស្ថាបនិក​និង​​អគ្គនាយក​គម្រោង Urban Village។ រូបភាព៖ ខេមបូណូមីស។

Urban Village គឺ​ជា​គម្រោង​ដំបូង​គេ​បង្អស់ និង​តែមួយគត់​ពី​ប្រទេសកម្ពុជា ដែលឈ្នះពាន​រង្វាន់​ដ៏មាន​កិត្យានុភាព​នេះ ដោយ​យក​ឈ្នះ​អ្នក​ចូលរួម​ខ្លាំងៗ​មក​ពី​ប្រទេស​ផ្សេងទៀត រួមមាន សិង្ហបុរី វៀតណាម ថៃ អូស្ត្រាលី និងទីក្រុងហុងកុង ជាដើម ។ 

ខុនដូ Urban Village រួមមាន ការិយាល័យធ្វើការ ជាន់​សម្រាប់​ជា​កន្លែង​លក់ទំនិញ និងយូនីត​លំនៅដ្ឋាន​ប្រណីត​ដែល​មាន​តម្លៃ​សមរម្យ ។ គម្រោងនេះ អភិវឌ្ឍ​និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ហុងកុង​ល្បី​ឈ្មោះ Urban Hub។  

បុរសវ័យ​ក្មេង​ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ផ្នែក​ច្បាប់​នៅ​ប្រទេស​អង់គ្លេស​រូបនេះ (ក្នុង​រូបភាពខាងលើ) គឺ​ជា​ស្ថាបនិក និង​ជា​អគ្គនាយក​គម្រោង Urban Village។ លោកឈ្មោះ Ben Li (បិន លី) អាយុ ៣៧ឆ្នាំ កើតនៅទីក្រុងហុងកុង ក្នុងគ្រួសារសហគ្រិនមួយ ដែលមានទំនាក់ទំនងរយៈពេលជិត ៣ទសវត្សរ៍ជាមួយប្រទេសកម្ពុជា ។ តាមពិតទៅ គ្រួសាររបស់លោកបានមកវិនិយោគ និងរកស៊ីនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ គឺជិត ៣០ឆ្នាំហើយ។ 

បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានធ្វើការរយៈពេល ៥ឆ្នាំ នៅក្នុងក្រុមហ៊ុនគណនេយ្យនិងសវនកម្មដ៏ធំលំដាប់ពិភពលោកមួយ ឈ្មោះថា PricewaterhouseCoopers(PwC) ។ បន្ទាប់ពីធ្វើការ៥ឆ្នាំឲ្យក្រុមហ៊ុនលំដាប់ពិភពលោកនេះ នៅទីបំផុត រូបលោកក៏បានសម្រេចចិត្តធ្វើការឲ្យក្រុមហ៊ុនគ្រួសាររបស់លោក នៅប្រទេសកម្ពុជាវិញដែលវិនិយោគ ទៅលើរោងចក្រផលិតសម្លៀកបំពាក់ម៉ាកល្បីៗ ដូចជា Zara, Superdry, C&A, Marks & Spencer និង Uniqlo សម្រាប់ការនាំចេញ ។ 

លោក បិន លី និយាយយ៉ាងដូច្នេះថា «២៨ឆ្នាំមុន គ្រួសារ​ខ្ញុំ​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដែល​កាលនោះ​ កម្ពុជា​មិន​សម្បូរ​ម៉ូតូ​អី​ដូច​សព្វថ្ងៃ​នេះ​ទេ... យើង​មក​វិនិយោគ​លើ​វិស័យ​រោងចក្រ​កាត់ដេរ ផលិតសម្លៀកបំពាក់​នាំចេញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ កាលណោះ មិត្តភក្ដិខ្លះនិយាយថា អ្នកឆ្កួតទេ​ឬ ដែល​ទៅ​វិនិយោគ​នៅ​ប្រទេស​នោះ​[កម្ពុជា] ដោយ​គេ​យល់​ថា កាលណោះ កម្ពុជាមិនមែនជា​ប្រទេស​មាន​ស្ថិរភាពទេ គេ​បារម្ភ​ខ្លាច​មាន​សង្គ្រាម​ស៊ីវិល គេបារម្ភអ៊ីចេះ បារម្ភអ៊ីចុះ..»។

គឺ​កម្ពុជា​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​សុបិន​យើង​ក្លាយ​ជាការពិត ។ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ចូល​រួម​ចំណែក​ក្នុង​ការកសាង​កម្ពុជា​វិញ
— លោក Ben Li អគ្គនាយក​គម្រោង​ខុនដូ Urban Village

លោក លី បន្តថា ទោះបីមានការព្រួយបារម្ភ​ដែល​លើក​ឡើង​ដោយ​មិត្ត​ភក្ដិ​ក្ដី គ្រួសាររបស់លោក​បាន​សម្រេច​ចិត្ត​ចូល​មក​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ផលិត​សម្លៀក​បំពាក់ សម្រាប់ការនាំចេញ​ទៅ​ទីផ្សារ​ពិភពលោក ។ 

លោក​បន្ថែម​ដូច្នេះថា​ «យើង​បាន​ចាប់​យក​ឱកាស​នោះ យើង​ចូល​មក​កម្ពុជា​មុនគេ ហើយ​ក៏​បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ធំ​ជាង​គេ​បំផុត​ទាំង ៥»។

ដោយសារតែ​ការធ្វើការ​នៅក្នុង​រោងចក្រ​របស់​គ្រួសារ​លោក​នៅ​កម្ពុជា​នេះ​ហើយ ដែលនាំ​ឲ្យ​វិនិយោគិន​ហុងកុង​វ័យ​ក្មេង​រូបនេះ សម្លឹង​ឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ខុនដូ ។

លោក លី អះអាងថា លោក​មាន​មហិច្ឆតា​អភិវឌ្ឍ​គម្រោង​ខុនដូ ដែលផ្ដល់​នូវ​លំនៅដ្ឋាន​បែប​ប្រណីត ប៉ុន្តែ ក្នុង​តម្លៃ​មួយ​ធូរ​ថ្លៃបំផុត ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​យុវជន​កម្ពុជា ជំនាន់​ទីពីរ ជំនាន់ទីបី អាច​មាន​ផ្ទះផ្ទាល់​ខ្លួន ខណៈដែល​គេ​ចេញ​ពី​សាលា និង​ចាប់​ផ្ដើម​ការងារ​អាជីព​ដំបូងៗ​របស់​ខ្លួន។

លោក បិន លី និយាយ​ទាំង​ញញឹម ថា «គឺ​កម្ពុជា​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​សុបិន​យើង​ក្លាយ​ជាការពិត ។ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ចូល​រួម​ចំណែក​ក្នុង​ការកសាង​កម្ពុជា​វិញ»។

និយាយ​អំពី​គម្រោង​អភិវឌ្ឍន៍​ខុនដូ​របស់​ក្រុមហ៊ុន Urban Hub វិញ តើលោក បិន លី មានគំនិតអ្វីដែល​ថា ថ្មី ប្លែក និងពិសេស ដើម្បី​ចូលមក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ? 

លោក លី បញ្ជាក់​ប្រាប់ ខេមបូណូមីស យ៉ាង​ដូច្នេះ «យើងមិន​ដូច​អ្នក​អភិវឌ្ឍ​មួយ​ចំនួន ដែល​ផ្ដោត​តែ​ទៅ​លើ​ការរកប្រាក់ចំណេញ រួច​ហើយ​ចាក​ចេញ​នោះទេ ។ យើងគិតថា សម្រាប់​ខ្មែរ​ជំនាន់​ក្រោយៗ ជំហានបន្ទាប់ គឺ ខុនដូ​ហ្នឹង​ហើយ ពីព្រោះ ប្រជាជន​ក្នុង​ទីក្រុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប្រសិនបើអ្នក​ចង់​រស់នៅ​ក្នុង​ទីក្រុង អ្នកត្រូវតែ​រស់​នៅ​ក្នុង​ខុនដូ ដូចនៅ ហុងកុង ដូចនៅសិង្ហបុរីដែរ »។ 

លោក លី បន្តទៀត «អ្វី​ដែល​ខុនដូ Urban Village ដែល​អភិវឌ្ឍ​ដោយ Urban Hub ខុស​ប្លែក​ពីគេ គឺ គោលគំនិត​សហគមន៍ (community concept) ។ យើង​មាន​អ្វីៗ​សព្វបែប​យ៉ាង តាំងពី​កន្លែង​ធ្វើការងាររួម (co-working space), សាលាសម្រាប់ក្មេងតូចៗ អាងហែលទឹក កន្លែងហាត់ប្រាណ សាលសិល្បៈ និងអ្វីៗ​ជា​ច្រើន​ទៀត។»

សូមរង់ចាំ​ទស្សនា​កិច្ច​សម្ភាសន៍​ជា​វីដេអូ របស់ ខេមបូណូមីស ជាមួយលោក បិន លី ស្ថាបនិក និងអគ្គនាយកគម្រោង Urban Village នៅពេលឆាប់ៗនេះ ៕




អត្ថបទបន្ទាប់


ចំណូលរមណីយដ្ឋានអង្គររកបានត្រឹមតែជាង ១៨លានដុល្លារ ប៉ុណ្ណោះ ធ្លាក់ចុះជាង ៧៥% នៅ៩ខែឆ្នាំ២០២០

ក្នុងរយៈបេល៩ខែ ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនា នៅរមណីយដ្ឋានអង្គរ មានប្រមាណជិត៤០ម៉ឺននាក់ និងទទួលបានចំណូលប្រមាណត្រឹមតែជាង…

កម្មវិធី​ពង្រឹង​អាជីវកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ដើម្បី​ជួយ​ដល់​សហគ្រិន​ដែល​រងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩​ត្រូវ​បាន​សម្ពោធ

រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ - ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ