កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយ សម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។ កញ្ចប់ហិរញ្ញប្បទានថ្មីនេះ នឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពវាតាមរយៈការលើកកម្ពស់ការយល់ដឹង កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។ គម្រោងនេះនឹងជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និង ផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ និងមានគោលដៅឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្សនៅទូទាំងប្រទេស។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់ សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ។ លោកស្រីបន្ថែមថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើតាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និង ជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព។
ជាមួយគ្នានេះ ហិរញ្ញប្បទានថ្មីនេះបានសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨លានដុល្លារ មកពីប្រទេសអូស្រ្តាលី អនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រទេសកូរ៉េខាងត្បូង និងសេវាហិញ្ញប្បទានសកល ហើយប្រទេសកម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន ១៨៦លានដុល្លារអាមេរិកជាហិរញ្ញប្បទានបដិភាគក្នុងគម្រោងនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ហិរញ្ញប្បទាននេះគឺជាដំណាក់កាលទី២ នៃគម្រោងការលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស ដែលដំណាក់កាលទី១ នៃគម្រោងនេះមានរយៈកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២៕
អត្ថបទ សោម ស្រីពេជ្រ