បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នឹងត្រូវដោះស្រាយចាប់ពីខែឧសភាតទៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣១សង្កាត់នៅរាជធានីភ្នំពេញ នឹងត្រូវដោះស្រាយចាប់ពីខែឧសភា


បន្ទាប់ពីទទួលបានព័ត៌មានអំពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកនៅក្នុងសង្កាត់ចំនួន៣១ នៅជាយរាជធានីភ្នំពេញរួចមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបញ្ជាក់កាលពីថ្ងៃទី២៣មីនាថា នឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ទៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣១សង្កាត់នៅរាជធានីភ្នំពេញ នឹងត្រូវដោះស្រាយចាប់ពីខែឧសភា រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាត់ទុកបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម ដែលភាគច្រើនកើតឡើងនៅក្នុងសង្កាត់ចំនួន ៣១ នៅជាយរាជធានីភ្នំពេញ គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសំណូមពរឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងជឿជាក់ថាអាជ្ញាធរនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាតទៅ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា តាមរបាយការណ៍សិក្សាតម្រូវការទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦-២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្តែង នៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹក ជាក់ស្តែង មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដោយនៅខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក្រសួងអាណាព្យាល ក្រុមប្រឹក្សាភិបាល បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗឲ្យខាងតែបានចាប់ពីឆមាសទី១ឆ្នាំ២០២៣ នេះទៅ។

យ៉ាងណាក៏ដោយចុះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី និងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺមានសមត្ថភាពផលិតនឹងកើនដល់ ៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចដោះស្រាយបញ្ហាខ្វះទឹកស្អាតបានជាង៩០%។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុប មានរហូតដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូច្នេះប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ លែងខ្វះខាតទៀតហើយផងដែរ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕




អត្ថបទបន្ទាប់


ប្រទេសចិននៅតែមានមហាសេដ្ឋីច្រើនជាងគេ ទោះចំនួនមហាសេដ្ឋីកំពុងធ្លាក់ចុះក្ដី

បើយោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រទេសចិនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតកាលពីឆ្នាំមុន ទោះជាមហាសេដ្ឋីន…

សមាជិកសភាអាមេរិក រិះគន់ និងចោទប្រកាន់ខ្លាំងៗលើ TikTokថា ជាប់ទាក់ទងនឹងរដ្ឋាភិបាលចិន

នាយកប្រតិបត្តិក្រុមហ៊ុនរបស់ TikTok លោក Shou Zi Chew កាលពីថ្ងៃទី២៣មីនា ត្រូវបានក្រុមសមាជិកសភាអាមេរិក ចោតសួរឡើងនូវសំណួរចាក់ដោត រសើបៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ