ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺរៀបចំឡើងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។
នៅអំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរួមមាន ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត
គួរបញ្ជាក់ដែរថា នៅរយៈពេល ៩ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ៤ពាន់៦រយលានដុល្លារអាមេរិក កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅវៀតណាម មានចំនួន ១ពាន់៥រយលានដុល្លារអាមេរិក កើនឡើង ៣% និងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនជាង ៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង ជាង ៣៤%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕