បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express តម្លៃមាសគីឡូរបស់ក្រុមហ៊ុន Saigon Jewelry បានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រថ្មីកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយមួយតម្លឹងឡើងដល់ជិត៣ពាន់៣រយដុល្លារអាម៉េរិក។ តម្លៃនេះបានកើនឡើងប្រមាណជាជិត២% បើធៀបនឹងតម្លៃមាសគីឡូកាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងតម្លៃមាសគីឡូនៅវៀតណាមកើនឡើង មាសជាគ្រឿងអលង្ការវិញ គឺធ្លាក់ចុះប្រមាណជិត២% ដោយធ្លាក់មកនៅត្រឹមត្រែប្រមាណ២ពាន់៧រយដុល្លារប៉ុណ្ណោះនៅក្នុងមួយតម្លឹង។
នៅដើមខែមីនា ឆ្នាំ២០២៤ នេះតម្លៃមាសជាសកលបានចាប់ផ្តើមជាមួយកំណត់ត្រាដ៏វិជ្ជមានជាថ្មី ដោយតម្លៃបានកើនឡើងដល់កម្រិតខ្ពស់ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក នៅតែបន្តរក្សាអត្រាការប្រាកដដែល ហើយរំពឹងថា នឹងអាចមានការកែសម្រួលរហូតដល់ខែមិថុនា។ ក្រោយមានការសម្រេចបែបនេះរបស់ធនាគារកណ្តាលអាម៉េរិក បានជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តជាតិ បានពុះកញ្រ្ជោលឡើងនៅថ្ងៃសុក្រប្រមាណជា២,១% ដោយតម្លៃមាសឡើងដល់២ពាន់៨៦ដុល្លារក្នុងមួយអោន ឫប្រមាណជាជិត២ពាន់៨រយដុល្លារនៅក្នុងមួយតម្លឹង។
តម្លៃមាសនៅដើមខែមីនា នេះ ត្រូវបានអ្នកវិភាគអះអាងថា មានតម្លៃខ្ពស់បំផុតបើធៀបនឹងតម្លៃមាសកាលពីចុងខែធ្នូ។ ផ្អែកតាមនិន្នាការសកល និងក្នុងងតំបន់ ហាងឆេងមាសនៅកម្ពុជា ក៏មានការប្រែប្រួលផងដែរ ដោយកាលពីថ្ងៃទី១ ខែមីនា មាសគីឡូលក់ចេញមួយតម្លឹងថ្លៃ២ពាន់៤រយ៩០ដុល្លារ តែនៅថ្ងៃទី២ ខែមីនា បានឡើងថ្លៃដល់២ពាន់៥រយ២០ដុល្លារ នៅក្នុងមួយតម្លឹង៕
ដោយៈ សរ សុជាតិ