បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចនឹងបន្ដអភិវឌ្ឍន៍ប្រែក្លាយប៉ែកឦសានឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤ បន្ថែមទៀត។
ថ្លែងនាឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៧ ខែកុម្ភៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ សម្ដេចមានគោលដៅឱ្យកម្ពុជា បង្កើតប៉ូលសេដ្ឋកិច្ចចំនួន៤ បន្ទាប់ពីប៉ូលសេដ្ឋកិច្ចចំនួន៣ បានចេញជារូបរាង។ បើតាមសម្ដេច រាជធានីភ្នំពេញ ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី១,ខេត្តព្រះសីហនុ បានកំណត់ជាប៉ូលសេដ្ឋកិច្ចទី២ និងខេត្តសៀមរាប ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៣ ខណៈតំបន់ប៉ែកឦសាន រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ ដោយពឹងផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។
សម្ដេចបានបន្តទៀតថា នៅតាមបណ្ដាខេត្តមួយចំនួន នាប៉ែកឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាដើម សុទ្ធតែមានសក្ដានុពល ពិសេសខេត្តក្រចេះ មានសក្ដានុពលផ្នែកកសិ-ឧស្សាហកម្ម ខណៈខេត្តមណ្ឌលគិរី កំពុងមានសក្ដានុពលផ្នែកធនធានរ៉ែ។ បើតាមសម្ដេច ហ៊ុន សែន ត្រឹមតែរយៈពេល ៧ខែកន្លងមក កម្ពុជា បានផលិតមាសជាង ១ពាន់៧រយគីឡូក្រាម ដែលជាមធ្យម កម្ពុជា អាចផលិតមាស បានប្រមាណ ៨០គីឡូ ទៅ១០០គីឡូ ឯណោះ ក្នុងមួយសប្ដាហ៍ ដូច្នេះ ទើបសម្ដេចមានគោលដៅដាក់តំបន់ប៉ែកឦសានជាប៉ូលសេដ្ឋកិច្ចទី៤។
ជុំវិញការផលិតមាសនេះ ត្រូវបានសម្ដេច ហ៊ុន សែន គូសបញ្ជាក់ទៀតថា កម្ពុជា មិនទាន់មានការស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាស ដទៃទៀត ដែលមិនទាន់បានប្រើប្រាស់។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ធ្លាប់បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណរុករករ៉ែលោហៈចំនួន២៦ អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន១៦ ដែលមកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសក្តានុពលធនធានរ៉ែ និងមួយចំនួនទៀតកំពុងរៀបចំរបាយការណ៍សិក្សាលទ្ធភាពនៃជម្រកធនធានរ៉ែ។ ខណៈនៅឆ្នាំ២០២២ នេះក៏មានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត បានចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួននៅកម្ពុជា៕