វិស័យអប់រំ

អ្នកជំនាញ៖ការបើកសាលារៀនឡើងវិញតាមតំបន់មួយចំនួននឹងជួយស្តារការសិក្សារបស់សិស្ស ពិសេសសិស្សនៅទីជនបទ


ក្រោយមើលឃើញពីសន្ទុះនៃចំនួនកុមារ និងយុវជនបានចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ គួបផ្សំការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើតដោយតំបន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្រេចឲ្យក្រសួងអប់រំ យុវជន និងកីឡាបើកសាលារៀននៅទីតាំង ដែលគ្មានការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ។ អ្នកជំនាញក្នុងវិស័យអប់រំចាត់ទុកការសម្រេចនេះថា វាជាដំណឹងមួយដ៏ល្អសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា ទោះបីការបើកនេះធ្វើឡើងក្នុងលក្ខណៈស្ទាបស្ទង់ និងមានការកំណត់ក៏ដោយ។
ការវិលត្រឡប់មកសាលារៀនវិញរបស់សិស្សានុសិស្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១។ (រូបថតដោយសុវណ្ណារ៉ា/ស៊ិនហួរ)

លើស​ពី​នេះ​អ្នកជំនាញ​ជឿជាក់​ថា ការ​បើក​នេះ​នឹង​ជួយ​ឲ្យ​សិស្ស ជា​ពិសេស​សិស្ស​នៅ​ជនបទ​ទទួល​បានការ​សិក្សា​ល្អ​ប្រសើរ​ជាង​ពេល​ដែល​ពួក​គេ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។  

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​កំណត់​ទីតាំង​ក្នុង​ការ​ឈាន​ទៅ​បើក​សាលារៀន​ឡើង​វិញ​ទៅ​តាម​តំបន់ ពិសេស​នៅ​ជនបទ ដែល​គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ ការ​សម្រេច​បែប​នេះ បន្ទាប់​ពី សម្តេច សង្កេត​ឃើញ​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ភាគច្រើន​ប្រមូលផ្តុំ​នៅ​ទីក្រុង ឬ​ទីប្រជុំជន ខណៈ​នៅ​តាម​ជនបទ ឬ​ខេត្ត​មួយ​ចំនួន​ពុំ​សូវ​មានការ​ឆ្លង​នោះ​ទេ​។

កំណើន​នៃ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ចន្លោះ​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ ដែល​មក​ទល់​ពេល​នេះ​សម្រេច​បាន​ជាង​១​លាន​៥​សែន​នាក់ ក៏​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​សាលា​បើក​ឡើង​វិញ​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ចាត់​ទុក​ការ​សម្រេច​ឲ្យ​បើក​សាលារៀន​នៅ​តំបន់​ដែល​គ្មាន​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ​ថា វា​ដំណឹង​មួយ​ដ៏​ល្អ និង​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​សិស្ស និង​សាលា​ឡើង​វិញ​។ លើស​ពី​នេះ វា​នឹង​ជួយ​ឲ្យ​សិស្ស ជា​ពិសេស​សិស្ស​នៅ​តាម​ជនបទ ដែល​គ្មាន​លទ្ធភាព និង​អ៊ិ​ន​ធឺ​ណិ​ត​គ្រប់គ្រាន់​ក្នុង​ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ទទួល​បានការ​សិក្សា​ល្អ​ប្រសើរ​ឡើង​វិញ​។ បន្ថែម​លើ​នេះ វា​ក៏​នឹង​ជួយ​ឲ្យ​សិស្ស​លែង​ភ្លេច​សា​សា ភ្លេចអក្សរ និង​លែង​មានគំនិត​ចង់​បោះបង់​ការ​សិក្សា​ផង​ដែរ​។

ម្យ៉ាងវិញទៀត​អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី ចាត់​ទុក​ការ​សម្រេច​បើក​សាលារៀន​តាម​តំបន់​នេះ ជា​ការ​ស្ទាប់ស្ទង់​មួយ​ផង​ដែរ​ក្នុង​ការ​ឈាន​ទៅ​បើក​សាលា​រៀង​ទូ​ទាំង​ប្រទេស​ឡើង​វិញ​នា​ពេល​ខាង​មុខ​។ អ្នកជំនាញ​រូប​នេះ​រំពឹង​ថា បន្ទាប់​ពី​បើក​ឲ្យ​ដំណើរការ​សាលា​នៅ​ជនបទ រាជរដ្ឋាភិបាល​នឹង​អាច​ឈាន​ទៅ​បើក​សាលារៀន​នៅ​ទីប្រជុំជន ឬ​ទីក្រុង​ជា​បន្តបន្ទាប់​ទៀត​។

ស្រ​ដៀង​គ្នា​នេះ​ដែរ ឧកញ៉ា ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​បង្ហាញ​ភាព​រីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​សាលារៀន​នៅ​តំបន់​គ្មាន​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អាច​បើក​ដំណើរការ​ឡើង​វិញ​។ អ្នកជំនាញ​ផ្នែក​វិស័យ​អប់រំ​រូប​នេះ បាន​ចាត់​ទុក​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ជួយ​ឲ្យ​កុមារ​និង​យុវជន​ទទួល​បានការ​សិក្សា​ល្អ​ប្រសើរ​ឡើង​វិញ ខណៈ​ដែល​សង្កេត​ឃើញ​ថា ការ​សិក្សា​តាម​អន​ឡាញ​ជិត​ពីរ​ឆ្នាំ​កន្លង​មក វា​មិនសូវ​ផ្តល់​ប្រសិទ្ធភាព​ដូច​ការ​រៀន​ផ្ទាល់​នោះ​ទេ ពិសេស​សម្រាប់​សិស្ស​នៅ​ជនបទ​ដែល​គ្មាន​អ៊ិ​ន​ធឺ​ណិ​ត​គ្រប់គ្រាន់​។

ដោយឡែក​ឯកឧត្តម ហេង វ៉ា​ន់​ដា នាយក​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ និង​ប្រធាន​ក្រុមប្រឹក្សា​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​យល់​ឃើញ​ថា ទោះបី​ការ​សម្រេច​បើក​សាលារៀន​តាម​តំបន់​ឡើង​វិញ​ជា​ការ​ស្ទាបស្ទង់ និង​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ក៏​ដោយ តែ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ថា សិស្ស​នៅ​តាម​ជនបទ​នឹង​ភ្លេច​ការ​សិក្សា ឬ​បោះបង់​ការ​សិក្សា​ប្រសិនបើ​សាលារៀន​នៅ​តែ​បន្ត​បិទទ្វារ​។ សម្តេច​អះអាង​ថា ទោះបី​កម្ពុជា​អនុវត្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏​ពិតមែន ប៉ុន្តែ​កុមារ ឬ​យុវជន​នៅ​តាម​ទី​ជនបទ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​នោះ​ទេ ដោយសារ​ខ្វះ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ Foxconn ស្នើកក់វ៉ាក់សាំង ៣០លានដូសបន្ថែមទៀតពីក្រុមហ៊ុន BioNTech

លោក Terry Gou តំណាងឲ្យអាជ្ញាធរកោះតៃវ៉ាន់បានស្នើសុំឱ្យក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់រៀបចំបម្រុងទុកវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៣០លា…

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងកសិកម្ម៖ ប្រទេសកាន់តែអភិវឌ្ឍន៍ជឿនលឿន ការអភិវឌ្ឍវិស័យកសិកម្មនឹងថមថយចុះ

មហាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជាឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធីបានអះអាងថា កាលណាប្រទេសមានការអភិវឌ្ឍកាន់តែជឿនលឿន នោះការអភិវឌ្ឍនៅក្នុងវិស័យកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ