អ្នកជំនាញ និង អ្នកជំនាញនៅក្នុងវិស័យនេះបានអះអាងថាបើទោះបីជា ការនាំចេញអង្ករ កម្ពុជាមានស្ថានភាពប្រសើរ តែបញ្ហាតម្លៃដឹកជញ្ជូនតាមកប៉ាល់កើនឡើង និង កង្វះទូកុងតឺន័រ នៅតែជាឧបសគ្គដ៏ចាក់ស្រេះសម្រាប់វិស័យនាំចេញស្រូវអង្ករកម្ពុជាដដែល។
យោតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករ ក្នុងបរិមាណ ១៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ១៤៥លានដុល្លារ មានការកើនឡើងជិត១១% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ដោយឡែក ការនាំចេញស្រូវ នៅត្រីមាសទី១ ឆ្នាំ២០២២វិញ កម្ពុជា បាននាំចេញក្នុងបរិមាណជាង១លានតោន ទៅកាន់ទីផ្សារក្រៅស្រុក មានការកើនឡើង១៣% គិតជាទឹកប្រាក់ប្រមាណ ២៤៨លានដុល្លារ។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២ នេះ បើទោះបី វិស័យស្រូវ-អង្ករ នៅបន្តជួបបញ្ហាថ្លៃដឹកជញ្ជូន និងកង្វះទូកុងតឺន័រ តែដំណើរការនៃការនាំចេញអង្ករទៅក្រៅប្រទេស នៅបន្តសកម្មភាពជាធម្មតា ពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារតំបន់អឺរ៉ុប និងប្រទេសចិន។
ជុំវិញស្ថានភាពនៃវិស័យស្រូវអង្ករ នាពេលបច្ចុប្បន្ន ត្រូវបានឧកញ៉ា សុង សារ៉ន វាយតម្លៃថា មានស្ថានភាពធូរស្បើយ និងមានសញ្ញាណវិជ្ជមានជាងមុន បើទោះជាកម្ពុជា មិនទាន់រួចផុតពីវិបត្តិកូវីដ១៩ ក៏ដោយ។ បន្ថែមលើនេះ ប្រធានសហព័ន្ធស្រូវអង្ករ ក៏មានសុទិដ្ឋិនិយម ដែរថា វិស័យស្រូវអង្ករ ពិសេសការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ នឹងកាន់តែប្រសើរជាងនេះ ក្រោយស្ថានភាពកូវីដ១៩ បានធូរស្រាល ពិសេសបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ប្រសើរឡើវិញ។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា វិញការនាំចេញស្រូវ និងអង្ករ កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ហាក់មានភាពខុសគ្នាបន្តិចពីរបាយការណ៍ដែលបានបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ របាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជា ទទួលបានទឹកប្រាក់ ជិត៣០០លានដុល្លារ ពីការនាំចេញស្រូវទៅកាន់ទីផ្សារក្រៅស្រុក មានការថយចុះ ៥,៤% បើប្រៀបនឹងឆ្នាំ២០២១។ ដោយឡែក ការនាំចេញអង្ករវិញ កម្ពុជា ទទួលបានទឹកប្រាក់ប្រមាណ ១០៥លានដុល្លារ បានថយចុះ ៤,៣% បើប្រៀបនឹងត្រីមាសទី១ ឆ្នាំ២០២១៕