ទេសអារ៉ាប៊ីសាអូឌីត

តើមានកត្តាអ្វីជំរុញឱ្យអារ៉ាប៊ីសាអូឌីតដំណើរការសាងសង់អគារខ្ពស់បំផុតលើពិភពលោកឡើងវិញ ក្រោយផ្អាកអស់ជាច្រើនឆ្នាំ?


ក្រោយពន្យារពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសនឹងដំណើរការសាងសង់គម្រោងអគារ Jeddah Tower ដែលគេរំពឹងថា នឹងក្លាយទៅជាអគារខ្ពស់ជាងគេលើពិភពលោក។ តាមគម្រោងដែលបានប្រកាសសំណង់អគារនេះនឹងមានកម្ពស់ដល់ទៅ១គីឡូម៉ែត្រ គឺខ្ពស់ជាងអគារ ប៊ឺច កាលីហ្វា (Burj Khalifa) ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមរហូតដល់ទៅ១៨០ម៉ែត្រ។
ទេសអារ៉ាប៊ីសាអូឌីត
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា អគារនេះពីដើមឡើយ មានឈ្មោះថា Kingdom Tower ដែលមានកម្ពស់ដល់ទៅ១គីឡូម៉ែត្រពីដី ពោលគឺខ្ពស់ជាង អគារ ប៊ឺច កាលីហ្វា (Burj Khalifa) ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម រហូតដល់ទៅ១៨០ម៉ែត្រ។ អគារខ្ពស់កប់ពពកថ្មីនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៣ ជាមួយទុនវិនិយោគប្រមាណ១ពាន់២រយលានដុល្លារ។ អគារនេះ គឺជាផ្នែកមួយនៃគម្រោងដ៏មហិមារបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទឹកប្រាក់រហូតដល់ទៅ២០ពាន់លានដុល្លារ នៅជិតសមុទ្រក្រហម។

ក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith Gordon Gill Architecture ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានបង្ហើបប្រាប់សារព័ត៌មានថា ការសាងសង់កំពុងរៀបចំដំណើរការឡើងវិញហើយក្រោយផ្អាកកាលពីឆ្នាំ២០១៨។ Jeddah Tower យកឈ្មោះរបស់វាចេញពីទីតាំងរបស់ខ្លួននៅ Jeddah ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅតាមបណ្តោយសមុទ្រក្រហម និងជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីររបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

គម្រោងនេះបានផ្អាកបន្ទាប់ពីការចាប់ខ្លួនលោក បាក ប៊ិន ឡាដេន (Bakr bin Laden) ប្រធានក្រុមហ៊ុនម៉ៅការសាងសង់ Binladin Group ដែលគេដឹងថា ជាប្អូនប្រុសរបស់មេភេវរករ ប៊ិន ឡាដេន នៅក្រោមយុទ្ធនាការ បោសសម្អាតប្រឆាំងអំពើពុករលួយដែលផ្តួចផ្តើមដោយព្រះអង្គម្ចាស់រជ្ជទាយាន មូហាមេដ ប៊ីន សាល់ម៉ាន (Mohammed bin Salman)។

តាមការគ្រោងទុក ក្រុមហ៊ុនម៉ៅការសាងសង់ថ្មីនឹងប្រកាសនៅពេលខាងមុខ ហើយគេគ្រោងនឹងប្រើរយៈពេលពី៤ទៅ៥ឆ្នាំដើម្បីបញ្ចប់។ គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទស្សនៈវិស័យរបស់អារ៉ាប៊ីសាអូឌីតឆ្នាំ២០៣០ ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីតឲ្យលើសពីប្រេង និងលើកកម្ពស់វិស័យនានាដូចជាសុខភាព ការអប់រំ និងទេសចរណ៍។

ផែនការដ៏មហិច្ឆិតានេះ ក៏ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជាណាចក្រនៅមជ្ឈឹមបូព៌ានេះក្នុងការស្វែងរកការជំរុញមុខមាត់ជាសកល ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ដែលខ្លួនប្រាថ្នាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣៤។

នៅពេលនេះអគារដែលខ្ពស់ជាងគេនៅលើពិភពលោកគឺ អគារ Burj Khalifa ដែលមានទីតាំងនៅទីក្រុងឌូបៃមានកម្ពស់៨២៨ម៉ែត្រ កសាងនៅឆ្នាំ២០១០។ អគារ Merdeka 118 នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី កម្ពស់៦៧៩ម៉ែត្រ កសាងរួចនៅឆ្នាំ២០២៣ និងអគារ Shanghai Tower កម្ពស់៦៣២ម៉ែត្រនៅទីក្រងសៀងហៃ ប្រទេសចិន កសាងរួចនៅក្នុងឆ្នាំ២០១៥៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រុស្ស៊ីទិញសព្វាវុធផលិតដោយឥណ្ឌា ក្នុងទំហំទឹកប្រាក់៤ពាន់លានដុល្លារ ដោយទូទាត់ជាប្រាក់រូពីរបស់ឥណ្ឌា

ក្រុមអ្នកនាំចេញនៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដោយប្រើប្រាក់រូពីរបស់ឥណ្ឌា កាលពីពេលថ្មីៗនេះបានចំណាយរហូតដ…

តើមានកត្តាអ្វីធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ធ្លាក់ចុះ៥៦% នៅត្រីមាសទី១ឆ្នាំនេះ?

ទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា រំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិនបានធ្លាក់ចុះ៥៦% នៅក្នុងត្រីមាសទី១ឆ្នាំនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ