ក្រសួងទេសចរណ៍ថៃ បានគូសបញ្ជាក់កាលពីពេលថ្មីៗថា ថៃដែលជាប្រទេសភូមផងរបងជាមួយកម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១៩លាននាក់ នៅឆមាសទី១ឆ្នាំនេះ មានការកើនឡើងប្រមាណ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ បានកំណត់គោលដៅទាក់ទាញភ្ញៀវបរទេសឱ្យបាន៤០លាននាក់ ពេញមួយឆ្នាំ២០២៤ នេះ ខណៈដែលវិស័យទេសចរណ៍ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។
ចំណែកប្រទេសវៀតណាមឯណោះវិញ គឺបានច្បាមយកភ្ញៀវទេសចរបរទេសបានជិត៩លាននាក់នៅឆមាសទីមួយឆ្នាំនេះ កើនឡើងជាង៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាការកើនខ្ពស់ជាងតួលេខ មុនពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ផងដែរ។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
ការិយាល័យស្ថិតិទូទៅនេះ បាននិយាយថា កំណើនភ្លៀវទេសចរទៅកម្សាន្តនៅវៀតណាមនេះ គឺដោយសារគោលនយោបាយទិដ្ឋាការមានភាពអំណោយផល ស្របពេលក្រសួងស្ថាប័នពាក់ព័ន្ធមានការខិតខំប្រឹងប្រែងខ្លាំងក្នុងការបង្កើតយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍នៅតាមតំបន់នានាទូទាំងប្រទេស។
ដោយឡែក ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ សរុបចំនួនជាង៦៧ម៉ឺននាក់នៅក្នុងរយៈពេល៦ខែកន្លងមកនេះ កើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕