គេនៅចាំបានថា កាលពីសប្ដាហ៍មុននេះ អង់គ្លេសបានប្រកាសមុនគេបង្អស់ក្នុងការអនុម័តប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុនអាមេរិក Merck ហើយរដ្ឋាភិបាលអង់គ្លេសក៏បាននិយាយដែរថា ខ្លួនបានបានកក់ទុកថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck នេះចំនួន ៤៨ម៉ឺនកញ្ចប់រួចហើយដែរ។ បន្ថែមពីនេះ អង់គ្លេសក៏បានកក់ទុកថ្នាំគ្រាប់ព្យាបាលកូវីដ១៩ពីក្រុមហ៊ុន Pfizer ប្រមាណ ២៥ម៉ឺនកញ្ចប់ផងដែរ។
អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៀតនោះ គឺ លោកស្រី ស៊ូសាន ហុបគីន (Susan Hopkins) ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រប្រចាំទីភ្នាក់ងារសន្ដិសុខសុខាភិបាលអង់គ្លេស បាននិយាយនៅក្នុងទូរទស្សន៍ BBC ថា អង់គ្លេសនឹងចាប់ផ្ដើមប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck នៅចុងខែវិច្ឆិកានេះ ឬក៏អាចនៅដើមខែធ្នូខាងមុខនេះ។
លោកស្រី ហ៊ុបគីន គូសបញ្ជាក់ថា នៅក្នុងការសាកល្បងទាំងអស់ចំពោះការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ គឺបានធ្វើឡើងជាមួយនឹងអ្នកដែលបានមិនបានចាក់វ៉ាក់សាំង ដូច្នេះ គេអាចដឹងបានថា វាមានប្រសិទ្ធភាពកាន់តែប្រសើរក្នុងការប្រើប្រាស់ថ្នាំនេះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ។
បើតាមមន្ត្រីសុខាភិបាលរបស់អង់គ្លេសរូបនេះ ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ក៏មិនទាន់ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរសុខាភិបាលអង់គ្លេសឆាប់ៗនេះនោះទេ ពោលគឺអាចនឹងត្រូវការពេលរហូតដល់ឆ្នាំក្រោយឯណោះ។
សូមបញ្ជាក់ថា ស្របពេលដែលអង់គ្លេសបានអនុម័តប្រើថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅប្រទេសដទៃផ្សេងទៀត រួមទាំងអាមេរិកផង នៅមិនទាន់បានអនុម័តឲ្យប្រើថ្នាំប្រភេទនេះនៅឡើយទេ។ ក៏ប៉ុន្ដែ មានប្រទេស និងក្រុមហ៊ុនជាច្រើន បានទាក់ទងទៅក្រុមហ៊ុន Merck ដើម្បីចុះកិច្ចសន្យាកក់ទិញថ្នាំនេះរួចហើយដែរ។ ក្នុងនោះ សហរដ្ឋអាមេរិក បានបញ្ជាទិញក្នុងតម្លៃដល់ទៅ ៧០០ដុល្លារឯណោះ ក្នុងមួយកញ្ចប់។
បើតាមសេចក្ដីរាយការណ៍នាពេលកន្លងមកបានឲ្យដឹងដែរថា ប្រភេទថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck គឺមានប្រសិទ្ធភាពអាចជួយឲ្យអ្នកឆ្លងកូវីដ១៩ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកាត់បន្ថយកម្រិតនៃការស្លាប់បានដល់ទៅ ៥០% ខណៈដែលថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizerវិញ បន្ទាប់ពីបានធ្វើតេស្ដសាកល្បងរួច ក្រុមហ៊ុនបង្ហាញថា វាមានប្រសិទ្ធភាពដល់ទៅ ៨៩%ឯណោះ៕