លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដែលអាចធានាថា អ៊ីរ៉ង់នឹងមិនអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែបានតទៅទៀត។ លោក ចង់ឃើញកិច្ចព្រមព្រៀងនេះលេចចេញជារូបរាង ប៉ុន្តែលោកនឹងមិនបង្ខំដំណើរការចរចានោះទេ ថែមទាំងបានព្រមានខ្លាំងៗថា នឹងបង្កើនប្រតិបត្តិការយោធាបន្ថែមទៀត ប្រសិនបើការចរចារងបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
បច្ចុប្បន្នក្រុមអ្នកចរចារបស់អាម៉េរិក និងអ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានទៅរកកិច្ចព្រមព្រៀងរួមមួយជាក់លាក់ ខណៈស្ថានភាពសង្គ្រាមកំពុងស្ថិតក្នុងភាពក្តៅគគុក។ ជម្លោះដ៏តានតឹងជាង៤ខែមកនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលសកល និងបានរុញច្រានឱ្យអតិផរណាកើនឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រម៉ូស។
លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការកែសម្រួលលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍។ សំណើកែសម្រួលទាំងនោះ រួមមានការធានាបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ, ការកំណត់បទឈប់បាញ់រយៈពេល៦០ថ្ងៃ និងការតម្រូវឱ្យអ៊ីរ៉ង់ដកយកសារធាតុអ៊ុយរ៉ានីញ៉ូមចេញពីប្រទេស ក៏ដូចជាបើកការចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែទាំងស្រុង។
ជាការឆ្លើយតបលោក ម៉ូហាម៉េដ បាហ្គើរ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភា ថា ទីក្រុងតេអេរ៉ង់ នឹងមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយឡើយ លុះត្រាតែសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ត្រូវបានធានាយ៉ាងពេញលេញជាមុនសិន។
ប្រសិនបើការចរចាកែសម្រួលលក្ខខណ្ឌរបស់លោក ត្រាំ ទទួលបានវឌ្ឍនភាព ផែនការកិច្ចព្រមព្រៀងចុងក្រោយនេះ ក៏នឹងរួមបញ្ចូលនូវការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលអាចអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ ទទួលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកកន្លងមកត្រឡប់ទៅវិញផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស