សារព័ត៌មាន ទួយទ្រី របស់វៀតណាម បានរាយការណ៍ថា រដ្ឋបាលគយចិន បានសម្រេចផ្តល់ការអនុញ្ញាតឱ្យចម្ការទុរេន និងរោងចក្រវេចខ្ចប់ទុរេននៅវៀតណាម ប្រមាណជិត៦០០កន្លែង អាចនាំចេញទុរេនទៅកាន់ទីផ្សារចិន។ លោក ង្វៀន កុកម៉ាញ់ (Nguyen Quoc Manh) អនុប្រធាននាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិ នៃក្រសួងកសិកម្មវៀតណាម បានឱ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាម មានចម្ការទុរេនជិត១,៦០០កន្លែង និងរោងចក្រវេចខ្ចប់ប្រមាណ៣០០កន្លែង ដែលទទួលបានការអនុម័តផ្លូវការសម្រាប់នាំចេញទៅចិន។ លោកបានគូសបញ្ជាក់ថា ការទទួលបានការអនុញ្ញាតបន្ថែមនេះ គឺជាជំហានយុទ្ធសាស្ត្រជួយជំរុញឱ្យការនាំចេញទុរេនមានការកើនឡើងបន្ថែមទៀត ខណៈនៅ៧ខែដើមឆ្នាំនេះ វៀតណាម នាំចេញបាន៤៩ម៉ឺន៣ពាន់តោន ទទួលបានប្រាក់ចំណូល១,៨ពាន់លានដុល្លារកើនឡើង៣០% ហើយរំពឹងថានៅពេញមួយឆ្នាំនេះការនាំចេញទុរេននឹងអាចហក់ដល់៤ពាន់លានដុល្លារ។
ផ្អែកលើទិន្នន័យផ្លូវការ ផ្ទៃដីដាំដុះទុរេននៅវៀតណាម បានរីកចម្រើនយ៉ាងរហ័ស គឺកើនឡើងពី៧ម៉ឺនហិកតាកាលពី៥ឆ្នាំមុនដល់ប្រមាណ១៩ម៉ឺន៥ពាន់ហិកតា នាពេលបច្ចុប្បន្ន។ ទោះបីជាចិនជាទីផ្សារធំបំផុតរបស់វៀតណាម ដោយក្តោបក្តាប់រហូតដល់ប្រមាណ៩០% នៃការនាំចេញសរុប ហើយកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់ជាមួយទុរេនថៃក៏ដោយ ក៏ទុរេនវៀតណាម កំពុងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនទៅកាន់អាម៉េរិក អឺរ៉ុប និងទើបតែបើកច្រកទីផ្សារថ្មីនៅប្រទេសឥណ្ឌា ផងដែរ៕
ដោយៈ សរ សុជាតិ