គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ធនាគារកណ្ដាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់គោលរបស់ចំនួន១% ដែលធ្វើឱ្យអត្រាការប្រាក់របស់ធនាគារនេះធ្លាក់ចុះមកនៅត្រឹមចន្លោះពី៤,២៥% ទៅ៤,៥%។ ការបញ្ចុះអត្រាការប្រាក់ទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពតម្លៃ និងការពារទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចដាំក្បាលចុះ។ ទិន្នន័យថ្មីៗបានបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាម៉េរិក សម្រេចបានកំណើនខ្លាំងជាងការរំពឹងទុក ប៉ុន្តែទន្ទឹមនេះតម្លៃទំនិញ ក៏ចេះតែបន្តហក់ឡើងជាបន្តបន្ទាប់ផងដែរ។
ទន្ទឹមនឹងនេះ ទីផ្សារភាគហ៊ុននៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានព្រមានថា ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់តិចជាងការរំពឹងទុកនៅឆ្នាំ២០២៥ ខាងមុខ។
ប្រធានាធនាគារកណ្ដាលអាម៉េរិករូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយ ហើយចាប់ពីចំណុចនេះតទៅ សហរដ្ឋអាម៉េរិក ចាំបាច់ត្រូវដាក់ចេញចំណាត់ការដោយប្រុងប្រយ័ត្ន ហើយត្រូវបន្តឃ្លាំមើលស្ថានការណ៍វិវត្តនៃអតិផរណា។
សូមបញ្ជាក់ថា អតិផរណានៅសហរដ្ឋអាម៉េរិក បានកើនឡើងដល់២,៧%កាលពីអំឡុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ ក្រុមអ្នកវិភាគបានព្រមានថា ការបញ្ចុះអត្រាពន្ធក្នុងស្រុក និងការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសនានា ដែលស្នើឡើងដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ អាចនឹងជំរុញឱ្យតម្លៃទំនិញហក់ឡើងកាន់តែខ្ពស់៕
ដោយ: តែម សុខុម