លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋខិតខំលុបបំបាត់បញ្ហាមិនចុះសម្រុងនៅសភាដើម្បីបញ្ចៀសការបិទសកម្មភាពរដ្ឋាភិបាលសហព័ន្ធអាម៉េរិក។ លោក ត្រាំ កំពុងខិតខំធ្វើយ៉ាងណាសម្របសម្រួលការចរចាកញ្ចប់ថវិកា ដើម្បីជៀសវាងកុំឱ្យបុគ្គលិករដ្ឋាភិបាលឈប់សម្រាកដោយមិនមានប្រាក់ខែនៅពេលបុណ្យណូអែលនៅពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែក បើយោងតាមការចុះផ្សាយរបស់សារព័តមាន the Edge Malaysia លោក អេឡិន ម៉ាស ទីប្រឹក្សាដ៏សំខាន់របស់លោក ត្រាំ និងជាអ្នកដ៏មានឥទ្ធិពលម្នាក់លើការកាត់បន្ថយការចំណាយរបស់រដ្ឋបាលអាម៉េរិកថ្មី បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធអាចនឹងបិទសកម្មភាព។ លោក ម៉ាស ដែលកំពុងប្រឆាំងនឹងសំណើកញ្ចប់ថវិកាចំណាយបណ្តោះអាសន្នមុនពេលលោក ត្រាំ ចូលកាន់តំណែងបានលើកឡើងថា សំណើរនេះហាក់មានភាពខ្ជះខ្ជាយ។
លោកបានលើកឡើងនៅក្នុងបណ្តាញសង្គម X របស់ខ្លួនថា ការស្នើសុំបិទសកម្មភាពរបស់រដ្ឋាភិបាលសហព័ន្ធអាចនឹងកើតមានរហូតដល់ថ្ងៃលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា ការបិទសកម្មភាពរដ្ឋាភិបាលសហព័ន្ធមួយរយៈអាចប្រសើរជាងការអនុម័តកញ្ចប់ថវិកាដែលខ្ជះខ្ជាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ាក ហ្គោលវេន (Marc Goldwein) នាយកអ្នករៀបចំគោលនយោបាយជាន់ខ្ពស់នៃគណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភពីផលប៉ះពាល់ ហើយលើកឡើងថា រឿងចម្បង ដែលរដ្ឋាភិបាលត្រូវដឹងនោះ គឺបើទុកឲ្យរដ្ឋាភិបាលសហព័ន្ធបិទសកម្មភាព វានឹងធ្វើឱ្យរដ្ឋាភិបាលត្រូវខ្ជះខ្ជាយថវិកា។
បើតាមការប៉ាន់ប្រមាណ នៅក្នុងករណីដែលរដ្ឋាភិបាលសហព័ន្ធផ្អាកសកម្មភាពក្នុងរយៈពេល១សប្តាហ៍ គឺអាចធ្វើឱ្យផលប៉ះពាល់ដល់រដ្ឋាភិបាលអាម៉េរិក មានតម្លៃរហូតដល់ប្រមាណ១៣ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ