ជាក់ស្តែងនៅពីរទសវត្សរ៍ចុងក្រោយ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមានការកើនឡើងប្រមាណ១៥% នៅក្នុងមួយឆ្នាំ ខណៈការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានកំណើន៣៥% និង៣០% រៀងគ្នា។ តែយ៉ាងណាមកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្មបាននៅឡើយទេ គ្រាន់តែអាចទប់មិនឱ្យមានការកើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ។
នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ដុល្លារ ឬដុល្លារូបនីយកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឱ្យថយចុះនៅឡើយទេ បើទោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យការចរាចរប្រាក់រៀលមានកំណើនជាមធ្យមក្នុងរង្វង់១៥% ក្នុងមួយឆ្នាំនៅពីរទសវត្សរ៍ចុងក្រោយក៏ដោយ។
កត្តាដែលធ្វើឱ្យកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ដុល្លារនេះ គឺដោយសារដុល្លារូបនីយកម្មបានចាក់ឬសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាយូរមកហើយ ក្នុងនោះការប្រើប្រាស់ដុល្លារនៅកម្ពុជា បានហក់ឡើងរហូតដល់៦០% នៅចុងឆ្នាំ១៩៩០ និងដល់ប្រមាណ៨០% នៅឆ្នាំ២០០០។ តាមរយៈមេរៀនប្រវត្តិសាស្ត្រនេះ បានបង្ហាញឱ្យឃើញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។
ជាលទ្ធផលការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច-ត្រូនិកបានកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាម៉េរិក ដែលកើនក្នុងអត្រា៣,១%។ លើសពីនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធឃូអរកូដ(QR code)នៅតាមហាងទំនិញនានា។
បន្ថែមលើនេះបច្ចុប្បន្នកម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជាចិន និងឥណ្ឌាជាដើម។
សម្រាប់លោកជំទាវ ជា សិរី ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះលោកជំទាវស្នើឱ្យក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីបារាំង ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៥៤ និងបានបោះផ្សាយប្រាក់រៀលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនៅខែកញ្ញា ឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែគួរឱ្យសោកស្តាយ ប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីដើមឆ្នាំ១៩៧០មក ដែលបានបណ្តាលឱ្យជំនឿទុកចិត្តលើប្រាក់រៀលចាប់ផ្តើមបាត់បង់ ហើយនៅក្នុងរបប ប៉ុល ពត ប្រាក់រៀលត្រូវបានបំបាត់ឈប់ឱ្យប្រើប្រាស់ទាំងស្រុង។
ក្រោយរបបខ្មែរក្រហម ប្រាក់រៀលត្រូវបានបោះផ្សាយ ឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ នៅក្នុងសម័យកាលមួយដែលសេដ្ឋកិច្ចជាតិមានសភាពទន់ខ្សោយ ជាមួយនឹងការបាត់បង់ទំនុកចិត្តលើប្រាក់រៀល។ សង្គ្រាមស៊ីវិលបានអូសបន្លាយរហូតដល់ចុងឆ្នាំ១៩៩៨ ដែលធ្វើឱ្យការស្តារជំនឿទុកចិត្តលើប្រាក់រៀលឡើងវិញជាការងារដ៏លំបាកបំផុត បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹងការប្រើប្រាស់ រូបិយវត្ថុជាតិយ៉ាងណាក៏ដោយ៕