ការវិវត្តនៃផលិតភាពការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមា

ទស្សនរបស់ក្រុមអ្នកជំនាញជុំវិញការវិវត្តនៃផលិតភាពការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣


ជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ត្រូវបានក្រុមអ្នកជំនាញយល់ឃើញថា បរិមាណនេះហាក់នៅមានកម្រិតនៅឡើយ ប៉ុន្ដែបើក្រឡេកមើកពីផលិតភាពការងារនៅកម្ពុជា ក៏មានកម្រិតដែរ។ ដូច្នេះ ដើម្បីឲ្យកម្មករ និយោជិត កាន់តែទទួលបានអត្ថប្រយោជន៍ពីការងារ កម្មករ និយោជិត ពួកគេគួរជំរុញនិងបង្កើនផលិតភាពការងាររបស់ខ្លួនបន្ថែមទៀត។
វិស័យកាត់ដេរ

កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ រហូតចំនួន ២០០ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២៣។ បើប្រៀបនឹងបណ្ដាប្រទេសដទៃក្នុងតំបន់ កម្ពុជា គឺជាប្រទេសទី៤ ក្នុងតំបន់ដែលបានផ្ដល់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរខ្ពស់ជាងគេនៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ យ៉ាងណាមិញ សម្រាប់ផលិតភាពការងារនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានឯកឧត្តម ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ដូច្នេះ ផលិតភាពការងារ គឺជារង្វស់ ឬខ្នាតមួយ សម្រាប់វាស់ប្រសិទ្ធិភាពការងារ នៅក្នុងផលិតកម្មការងារ និងអាជីវកម្ម។

ក្នុងន័យនេះ ឯកឧត្តម ពេជ សោភ័ន បានពន្យល់ថា នៅក្នុងវិស័យកាត់ដេរ ប្រាក់ឈ្នួលដែលកម្មករ កម្មការិនី ទទួលបានមានការកើនឡើងជាបន្ដបន្ទាប់ ដោយផ្អែកលើតម្រូវការទីផ្សារ ស្ថានភាពសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញ ជាដើម។ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ រហូតចំនួន ២០០ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២៣។ បើតាមរដ្ឋលេខាធិការក្រសួងការងារ ការដំឡើងប្រាក់ឈ្នួលខ្ពស់ ដោយមិនជំរុញផលិតភាពការងារ អាចនឹងរងនូវផលប៉ះពាល់វិស័យវិនិយោគនៅកម្ពុជា ដោយធ្វើឲ្យក្រុមអ្នកវិនិយោគងាកទៅចាប់ឱកាសវិនិយោគនៅប្រទេសដែលមានកម្រិតអត្រាប្រាក់ឈ្នួលទាប តែមានផលិតភាពការងារខ្ពស់។

ជុំវិញបញ្ហានេះដែរ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ រហូតចំនួន ២០០ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២៣ ចង់ ឬមិនចង់​វាបាននិងកំពុងធ្វើឲ្យមានការរារែកចិត្តពីបណ្ដាវិនិយោគិនបរទេស​មួយចំនួន ក្នុងការបន្តវិនិយោគនៅកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បណ្ឌិត គី សេរីវឌ្ឍន៍ បានមើលឃើញថា ផលិតភាពការងារក្នុងវិស័យកាត់ដេរ នាពេលបច្ចុប្បន្ន ក៏មានផលិតភាពកំណើនប្រសើឡើងដែរ ដូច្នេះ ដើម្បីឲ្យវិស័យនេះមាននិរន្តរភាព គឺទាមទារឲ្យតម្លៃនៃការនាំចេញផលិតផលកាត់ដេរ កើនខ្ពស់ជាងនេះ។

ជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ១រូបទៀតគឺបណ្ឌិត ហុង វណ្ណៈ ក៏បានកត់សម្គាល់ដែរថា សម្រាប់កម្ពុជា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៣ ស្ថិតក្នុងអត្រាមួយ ដែលសមស្របសម្រាប់ផលិតភាពការងារក្នុងវិស័យកាត់ដេរ។ ក៏ប៉ុន្តែ បណ្ឌិត ហ៊ុង វណ្ណៈ យល់ឃើញថា ការតំឡើងប្រាក់ឈ្នួលនេះ ហាក់នៅមានកម្រិតនៅឡើយបើ គេប្រៀបធៀបនឹង​កម្រិតអតិផរណា​ដែលកំពុងកើនឡើង ដោយសារតែ​ស្ថានភាពរបស់ពិភពលោក នាពេលបច្ចុប្បន្ន មានការប្រែប្រួលខ្លាំង ក្រោយផ្ទុះសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន នាំឲ្យមុខទំនិញជាច្រើនកំពុងឡើងថ្លៃ។ យ៉ាងណាក៏ដោយ មិនខុសពីអ្នកជំនាញដទៃ បណ្ឌិត ហុង វណ្ណៈ នៅតែជំរុញឲ្យកម្មករ និយោជិត បង្កើនផលិតភាពការងាររបស់ខ្លួន បន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។

កម្ពុជា គឺជាប្រទេសទី៤ ក្នុងតំបន់ដែលបានផ្ដល់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរខ្ពស់ជាងគេនៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ ក៏ប៉ុន្តែ បើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ(ILO) បានបង្ហាញថា ផលិតភាពការងារនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ខណៈស្ថិតក្នុងក្របខ័ណ្ឌតំបន់អាស៊ាន កម្ពុជា មានផលិតភាពការងារទាបជាងបណ្ដា​ប្រទេសដទៃក្នុងតំបន់ ដែលទាមទារឲ្យកម្មករ និយោជិត បង្កើននូវផលិតភាពការងាររបស់ខ្លួន​បន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ពេជ សោភ័ន មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕




អត្ថបទបន្ទាប់


ហេតុអ្វីសមាជិកសភាអាមេរិក ស្នើឲ្យពិនិត្យកិច្ចព្រមព្រៀងក្នុងវិស័យដឹកជញ្ជូនផ្លូវដែកជាមួយក្រុមហ៊ុនចិនឡើងវិញ?

បន្ទាប់ពីការដាក់កំហិតការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន មិនបានប៉ុន្មានថ្ងៃផង ថ្មីៗនេះ សមាជិកសភាអាមេរិក បានអំពាវនាវឱ្យមា…

ធនាគារកណ្ដាលវៀតណាមនឹងដំឡើងអត្រាការប្រាក់គោល ១% បន្ថែមទៀត ដើម្បីទប់ទល់អតិផរណា

ធនាគារកណ្តាលនៃប្រទេសវៀតណាមបានបញ្ជាក់នៅថ្ងៃទី២៤ ខែតុលាថា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ១% បន្ថែមទៀតនេះ ដែលនេះជាការដំឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ