អ៊ីស្រាអែល បានចោទប្រកាន់ក្រុមអ៊ីស្លាមជីហាដ ប៉ាឡេស្ទីនថា បានបាញ់រ៉ុក្កែតបរាជ័យធ្លាក់លើមន្ទីរពេទ្យ Al-Ahli al-Arabi នៅភាគខាងជើងតំបន់ Gaza ខណៈអាជ្ញាធរប៉ាឡេស្ទីន នៅហ្កាហ្សាថា ជាស្នាដៃរបស់កងទ័ពអ៊ីស្រាអែល។
យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចដឹងច្បាស់ថា ជាស្នាដៃរបស់ភាគីណានៅឡើយទេ ខណៈមនុស្សប្រមាណ៥០០នាក់ ត្រូវរាយការណ៍ថា ស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពីកើតមានហេតុការណ៍នេះ។ មុនពេលមានហេតុការណ៍នេះកើតឡើង អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣ពាន់នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល១១ថ្ងៃមកនេះរបស់អ៊ីស្រាអែល។
មែនទែនទៅ ការវាយប្រហារលើមន្ទីរពេទ្យនេះ បានកើតឡើងនៅមុនថ្ងៃ នៃដំណើរទស្សនកិច្ចរបស់លោកចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រសង្គ្រាមជាមួយក្រុមហាម៉ាស ហើយក៏ដើម្បីស្តាប់ពីរបៀបដែលអ៊ីស្រាអែល មានផែនការកាត់បន្ថយចំនួនអ្នកស្លាប់ដែរ។ គោលបំណងមួយរបស់សហរដ្ឋអាមេរិក គឺដើម្បីរក្សាជម្លោះកុំឲ្យរីករាលដាលក្នុងតំបន់។
បន្ទាប់ពីមានហេតុការណ៍នេះ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានលុបចោលកិច្ចប្រជុំកំពូលជាមួយលោក បៃដិន ដែលប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបមួយនៅនៅទីក្រុង Amman រួមជាមួយមេដឹកនាំអេហ្ស៊ីប និងប៉ាឡេស្ទីន។
ក្រៅពីនេះ ក្រុមបាតុករប៉ាឡេស្ទីន នៅទីក្រុង Ramallah ក្នុងតំបន់ West Bankគ្រប់គ្រងដោយរអាជ្ញាធរស៊ីវិលប៉ាឡេស្ទីន បានចេញតវ៉ាគប់ដុំថ្មប្រឆាំងនឹងប្រធានាធិបតី ប៉ាឡេស្ទីនMahmoud Abbas។ កងកម្លាំងសន្តិសុខប៉ាឡេស្ទីន ក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ ដើម្បីបំបែកក្រុមបាតុករដែរ។
ដោយឡែក ការផ្ទុះនៅមន្ទីរពេទ្យនេះ ក៏បានបង្កឱ្យមានការថ្កោលទោសតវ៉ាពាសពេញតំបន់អារ៉ាប់ ដូចជាបាតុកម្មធ្វើឡើងនៅមុខស្ថានទូតស៊ីស្រាអែល នៅទួកគី និងហ្ស៊កដានី ព្រមទាំងការតវ៉ាក្បែរស្ថានទូតអាមេរិក នៅប្រទេសលីបង់។
ក្នុងនោះ រូបភាពពីទូរទស្សន៍បានបង្ហាញពីការតវ៉ានៅក្នុងទីក្រុង Taz ភាគនិរតីនៃប្រទេសយេម៉ែន ក៏ដូចជានៅក្នុងរដ្ឋធានីម៉ារ៉ុក និងអ៊ីរ៉ាក់ផងដែរ។ ទោះជាយ៉ាងណា ទាំងភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចេញមុខបដិសេធចំពោះការវាយប្រហារនេះរៀងៗខ្លួន ដោយសំអាងលើហេតុផលរបស់គេ។
មេដឹកនាំប៉ាឡេស្ទីន នៅតំបន់ West Bank លោក Mahmoud Abbas ថា នេះជាអំពើប្រវ័យពូជសាសន៍សង្គ្រាម និងថា អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហមហើយ។ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់ យ៉ាហ៊ូរ បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាដ មិនមែនពួកហាម៉ាសទេ។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ អ៊ីស្រាអែល លោក ដាញែល ហាហ្ការី (Daniel Hagari) បានចោទប្រកាន់ការវាយប្រហារមន្ទីរពេទ្យនោះ គឺជាទង្វើក្រុមភារវកម្មនៅ Gaza ដោយក្រុមអ៊ីស្លាមជីហាដ បានបាញ់រ៉ុក្កែតបរាជ័យហើយធ្លាក់លើមន្ទីរពេទ្យ។ ក្រុមចារកម្មអ៊ីស្រាអែលថា គេក៏ចាប់បានសារសន្ទនាគ្នារវាងក្រុមជីហាដអំពីកំហុសនៃបាញ់រ៉ុក្កែតនេះដែរ។ យោធាអ៊ីស្រាអែលថា ខ្លួននឹងចែករំលែកព័ត៌មាននេះជាមួយលោក ចូ បៃដិន ពេលមកដល់អ៊ីស្រាអែល។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ៊ីស្លាមជីហាដ បានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលនេះ។ អ្នកនាំពាក្យអង្គការនេះបាននិយាយថា ការចោទនោះជាការកុហកបោកប្រាសសុទ្ធសាធ អ៊ីស្រាអែលចង់បំភ្លៃមិនឱ្យពិភពលោកដឹងអំពីទង្វើឧក្រិដ្ឋកម្ម និងប្រល័យពូជសាសន៍ដ៏សាហាវរបស់ខ្លួនក្នុងតំបន់Gaza។
ទន្ទឹមគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុឡា អាលី ខាមេនី (Ayatollah Ali Khamenei) កាលពីថ្ងៃអង្គារ ក៏បាននិយាយជាលើកដំបូងអំពីការវាយប្រហារនៅហ្កាហ្សាដែរ និងប្រាប់ឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទន់ចំពោះអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីន។ អ៊ីរ៉ង់ដែលថា ខ្លួនមិនមែនជាអ្នកនៅពីក្រោមក្រុមហាម៉ាស កាលពីពេលថ្មីៗនេះបានព្រមានឆ្លើយតបអ៊ីស្រាអែល បើសិនជាបើកការវាយលុកផ្លូវគោកចូលតំបន់ Gaza៕