ការឆបោក

ការឆបោកតាមអនឡាញធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកខាតបង់ចន្លោះពី៨៨ ទៅជាង១១៤ពាន់លានដុល្លារ


ការឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scams ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថា ជាប្រភពសេដ្ឋកិច្ចប្រផេះនៅក្នុងប្រទេស និងក្នុងតំបន់ ត្រូវបានការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អះអាងថា កំពុងបង្កើតជាប្រភពចំណូលដ៏មហាសាលដល់ក្រុមឧក្រិដ្ឋជន។ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters កាលពីឆ្នាំ២០២៥ ឧក្រិដ្ឋកម្មនេះ បានបង្កការខាតបង់ទឹកប្រាក់ដល់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ចន្លោះពី៨៨ ទៅជាង១១៤ពាន់លានដុល្លារអាម៉េរិក។
ការឆបោក
ដោយ

របាយការណ៍ថ្មីមួយរបស់ការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ ការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបទល្មើសបច្ចេកវិទ្យាបានបង្កវិនាសកម្មដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ពី៨៨ពាន់លានដុល្លារទៅជាង១១៤ពាន់លានដុល្លារ។ ឧក្រិដ្ឋកម្មនេះមិនត្រឹមតែមានទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវិសាលភាព នៃផលប៉ះពាល់របស់វា ក៏កាន់តែរីករាលដាលខ្លាំងឡើងៗផងដែរ។ ដើម្បីឆ្លើយតបទៅនឹងវិធានការបង្ក្រាបរបស់រដ្ឋាភិបាលនានាក្នុងតំបន់ ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនោះបានអភិវឌ្ឍយុទ្ធសាស្ត្រយ៉ាងឆាប់រហ័សដើម្បីគេចផុតពីការអនុវត្តច្បាប់។
តាមសេចក្តីរាយការណ៍ ក្រុមឧក្រិដ្ឋជននៅអាស៊ីអាគ្នេយ៍ ដែលជាចំណុចកណ្តាល នៃប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត និងដឹកនាំភាគច្រើនដោយក្រុមឧក្រិដ្ឋជនមានដើមកំណើតចិន កំពុងបង្កើនល្បឿនបន្សាំខ្លួនទៅនឹងការបង្ក្រាប ព្រមទាំងធ្វើពិពិធកម្មប្រភពចំណូល កេងប្រវ័ញ្ចតាមរយៈអំពើពុករលួយ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែខ្លាំងឡើង។
លោកស្រី ដែលហ្វីន ស្កានស៍ (Delphine Schantz) អ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា បណ្តាញឧក្រិដ្ឋជន ដែលធ្លាប់តែធ្វើសកម្មភាពខុសច្បាប់ក្នុងដែនដីកម្រិតណាមួយ ពេលនេះកំពុងពង្រីកខ្លួនកាន់តែខ្លាំងទៅកាន់ទីផ្សារងងឹតជាច្រើនទៀត។ លោកស្រី បានបន្ថែមថា គំរូប្រតិបត្តិការរបស់ពួកគេមានលក្ខណៈស្រដៀងទៅនឹងការផ្តល់សិទ្ធិអាជីវកម្ម របស់សាជីវកម្មធំៗ ប៉ុន្តែសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ គឺការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការរត់ពន្ធជនអន្តោប្រវេសន៍ និងការលួចប្រមូលទិន្នន័យ ដែលទាំងអស់នេះត្រូវបានតភ្ជាប់គ្នាយ៉ាងជំពាក់ជំពិន។
បើយោងតាមការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្ម ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណថា មានប្រភពមកពីយ៉ាងហោចណាស់៨០ប្រទេស និងដែនដី ដោយភាគច្រើនរស់នៅទូទាំងតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក។ បច្ចុប្បន្នមានសញ្ញាបង្ហាញថា ប្រតិបត្តិករនៃបទល្មើសនេះ កំពុងស្វែងរកការជ្រើសរើសបុគ្គលិកបន្ថែមពីខាងក្រៅតំបន់អាស៊ី ដើម្បីពង្រីកទីផ្សារគោលដៅថ្មីៗ។
ជាមួយគ្នានេះ ក៏មានការព្រមានផងដែរថា ក្រុមឧក្រិដ្ឋជនកំពុងព្យាយាមភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាញឧស្សាហកម្មនានា ដោយតម្រង់ទិសដៅលើបុគ្គល ដែលមានជំនាញភាសាបារាំង អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ អេស្ប៉ាញ អ៊ីតាលី ស៊ុយអែត ន័រវេស និងអង់គ្លេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម កំពុងសម្រុកសាងសង់អាកាសយានដ្ឋានតម្លៃ១៣ពាន់លានដុល្លារ ដើម្បីប្រជែងដណ្តើមមហាអំណាចអាកាសចរណ៍នៅអាស៊ី

ប្រទេស​វៀតណាម កំពុង​​ប្រឹងសម្រុកសាងសង់គម្រោង​អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ (Long Thanh) តម្លៃជិត១៣ពាន់លានដុល្លារអាម៉េរិក ឱ្យបញ្ចប់ជា…

ចិន កែច្នៃសំណល់ប្លាស្ទិកទៅជាប្រេងចាក់យន្តហោះតម្លៃថោកគួរឱ្យភ្ញាក់ផ្អើល

ចិន​ បានរកឃើញដំណោះស្រាយថ្មីមួយសម្រាប់វិបត្តិសំណល់ប្លាស្ទិករបស់ពិភពលោក​ ដោយក្រុមអ្នកស្រាវជ្រាវចិនន បានអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចបំប្លែងសំណល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ