សេដ្ឋកិច្ច​វៀតណាម

តើ​សេដ្ឋកិច្ច​វៀតណាម​​ដើរ​លឿន​កម្រិត​ណា​ហើយ?


ឆ្នាំ២០១៦ សេដ្ឋកិច្ចវៀតណាមមានកំណើនក្នុងអត្រា ៦,២១ភាគរយ ខណៈ​ដែល​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី មាន​កំណើន​សេដ្ឋកិច្ច​យឺត​ជាង​បណ្ដា​ឆ្នាំ​មុនៗ ដោយសារ​តែ​ការ​ថម​ថយ​ចុះ​នៃ​ពាណិជ្ជ​កម្ម​ពិភព​លោក និង​កំណើន​យឺត​នៅ​ក្នុង​ប្រទេស​ចិន។
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ វៀតណាម
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានលើអ៊ិនថឹណិតមួយ ឈ្មោះ Asian Correspondent

សារព័ត៌មានដដែល សរសេរថា នៅបណ្ដាឆ្នាំខាងមុខ សេដ្ឋកិច្ច​វៀតណាម​ក៏​ទំនង​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​ដដែល។ 

ឆ្នាំ២០១៦ វិនិយោគទុនផ្ទាល់ពីបរទេស (FDI) របស់​ប្រទេស​វៀតណាម បាន​កើន​ឡើង ៩​ភាគ​រយ គឺ​កើន​ឡើង​ដល់​ចំនួន ១៥,៨​ពាន់​លាន​ដុល្លារ ដែល​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំង​អស់​កន្លង​មក។ វិស័យ​រោងចក្រ​ផលិតកម្ម​របស់​ប្រទេស​នេះ កើន​ឡើង ១៣,៦​ភាគ​រយ។ បរិមាណ​នាំ​ចូល​សរុប​ប្រចាំ​ឆ្នាំ​២០១៦ កើន​ឡើង ៤,៦​ភាគ​រយ រីឯ​ការ​នាំ​ចេញ​វិញ កើន​ឡើង​ដល់​ទៅ ៨,៦​ភាគ​រយ ដែល​នាំ​ឲ្យ​សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម (ផល​លើស​នៃ​ពាណិជ្ជ​កម្ម) ចំនួន ២​ពាន់ ៦៨០​លាន​ដុល្លារ​អាមេរិក។

ប្រជាជន​វៀតណាម​មាន​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​ ១៦៨៤​ដុល្លារ​ក្នុង​ម្នាក់ៗ (​ឆ្នាំ២០១៥)។ (https://pixabay.com)

មូលហេតុ៣យ៉ាងដែលជំរុញសេដ្ឋកិច្ចវៀតណាមឲ្យដើរលឿន

មូលហេតុទី១ - សេដ្ឋកិច្ចវៀតណាមមានពិពិធកម្មល្អ

ប្រទេសវៀតណាមបានធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ទាំង​ការ​ផលិត​ទំនិញ​សម្បូរ​បែប​ច្រើន​មុខ និង​ទាំង​គោល​ដៅ​នាំ​ចេញ​កាន់​តែ​ច្រើន។ បច្ចុប្បន្ន វៀតណាម​នាំ​ផលិត​ផល​ចេញ​ទៅ​កាន់​ទីផ្សារ​ច្រើន​ជាង​មុន និង​បាន​ពង្រីក​ការ​នាំចេញ​ក្នុង​វិស័យ​រោងចក្រ​ផលិត និង​វិស័យ​គ្រឿង​អេឡិចត្រូនិក យ៉ាង​ឆាប់​រហ័ស ដោយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​តែ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម។

មូលហេតុទី២ - ចំនួនប្រជាជនវៀតណាមកើនឡើង

វៀតណាមបានក្លាយជាគោលដៅ​វិនិយោគ​ដែល​កាន់​តែ​មាន​ភាព​ទាក់​ទាញ ដោយសារ​ចំនួន​ប្រជាជន​កើន​ឡើង​យ៉ាង​រហ័ស ដែល​បច្ចុប្បន្ន ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ដល់​ទៅ​ជាង ៩១​លាន​នាក់ ដែល​នាំ​ឲ្យ​សម្បូរ​កម្លាំង​ពលកម្ម​វ័យ​ក្មេង​និង​មាន​សមត្ថភាព ទាំង​ពលកម្ម​ជំនាញ ទាំង​ពលកម្ម​គ្មាន​ជំនាញ។ មួយ​វិញ​ទៀត ភូមិសាស្ត្រ​របស់​វៀតណាម​ក៏​នៅ​តែ​ជា​កត្តា​សំខាន់ ដោយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​តាម​ផ្លូវ​សមុទ្រ​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ជុំវិញ និង​ហួស​ពី​នេះ​ទៅ​ទៀត។

មូលហេតុទី៣ - ថ្លៃពលកម្មនិងចំណាយប្រតិបត្តិការទាប

ការចំណាយ​លើ​ថ្លៃ​ពលកម្ម​និង​ប្រតិបត្តិការ​នៅ​ប្រទេស​វៀតណាម គឺ​ស្ថិត​នៅ​កម្រិត​ទាប​នៅ​ឡើយ ជា​ពិសេស ធៀប​នឹង​មហា​យក្ស​ចិន​ដែល​ជា​អ្នក​ជិត​ខាង។ កត្តា​នេះ​បាន​នាំ​ឲ្យ​មាន​កំណើន​លើ​វិស័យ​រោងចក្រ​ផលិត និង​បើក​ឱកាស​ដល់​ក្រុមហ៊ុន​ពហុជាតិ​សាសន៍ និង​វិនិយោគិន​បរទេស​មក​រក​ស៊ី​គគ្រឹក​គគ្រេង។ ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្កើត​និង​អនុវត្ត​យុទ្ធសាស្ត្រ «ចិន​បូក​មួយ» ដែល «មួយ» គឺ​វៀតណាម​នេះ​ឯង៕




អត្ថបទបន្ទាប់


បុរស​នៅ​ពី​ក្រោយ​«សេដ្ឋី​ស្រុក​ស្រែ»​បង្ហាញ​ពី​បេសក​កម្ម​ជីវិត​៣​ចំណុច

អានភ្លាម ក៏នឹកកោតស្ញប់ស្ញែងដល់ទឹកចិត្តដ៏មហិមារបស់លោកបណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​និង​ផ្សព្វ​ផ្សាយ​កសិកម្ម ​ឈ្មោះ ស…

ព្រលាន​យន្តហោះ​សៀមរាប​ថ្មី៖ គម្រោង​ចាស់​​គ្រាន់​តែ​ដូរ​វិនិយោគិន​ពី​កូរ៉េ​ទៅ​ចិន

ទីបំផុត​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​រក​បាន​អ្នក​ស្នង​តំណែង​ថី្ម ដើម្បី​បន្ត​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ក្នុង​ខេត្ត​សៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ