ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានរ៉យទ័រ លោក អ៊ុង អ៊ី គង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការសម្រេចដាក់ការរឹតត្បិតតឹងរឹងឡើងវិញ នឹងក្លាយជាជម្រើសចុងក្រោយបង្អស់សម្រាប់សិង្ហបុរី ដើម្បីទប់ស្កាត់កូវីដ១៩កុំឲ្យឆ្លងរីករាលដាលខ្លាំង។ ការអះអាងបែបនេះ នៅគ្រា ប្រទេសអាស៊ានមួយនេះ កំពុងចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ច-សង្គមជាបណ្ដើរៗឡើងវិញ ដើម្បីសម្របខ្លួនរស់នៅជាមួយនឹងកូវីដ១៩ ហើយសិង្ហបុរី ក៏នឹងបន្ដបើកប្រទេសទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចពីប្រទេសជាច្រើនបន្ថែមទៀតផងដែរ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលសិង្ហបុរីបានចាប់ផ្ដើមបន្ធូរបន្ថយសម្រាប់សកម្មភាពពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច ក៏ដូចជា ការអនុញ្ញាតឲ្យអាជីវកម្ម និងការរៀបចំកម្មវិធីនានាឡើងវិញ ព្រមទាំងបានអនុញ្ញាតឲ្យអ្នកដំណើរបរទេសពីបណ្ដាប្រទេសមួយចំនួនអាចធ្វើដំណើរចូលសិង្ហបុរីដោយមិនចាំបាច់ធ្វើចត្តាឡីស័កជាដើម ខណៈដែលប្រទេសនេះ ក៏កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនខ្លាំងណាស់ដែរ។
សិង្ហបុរី នាពេលកន្លងមកនេះ ហាក់មានភាពស្ទាក់ស្ទើរក្នុងការពង្រឹងការរឹតត្បិតវិធានការ ឬក៏ត្រូវបន្ធូរបន្ថយការរឹតត្បិត ចំពោះប្រជាជនជាង៥លាននាក់របស់ខ្លួន ខណៈដែលប្រទេសសិង្ហបុរី គឺដូចជាប្រទេសជាច្រើនផ្សេងៗទៀតដែរ គឺបានរងការវាយប្រហារខ្លាំងដោយសារតែរលកឆ្លងថ្មី ដោយសារតែមេរោគកូវីដ១៩ បំប្លែងថ្មីឌែលតា។ ទោះយ៉ាងណា នៅចុងក្រោយ សិង្ហបុរីបានជ្រើសយកការរស់នៅជាមួយកូវីដ១៩ ដោយបើកឲ្យមានសកម្មភាពសេដ្ឋកិច្ច-សង្គមជាបណ្ដើរៗឡើងវិញ។ ទោះជាបែបនេះក្ដី រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បានសង្កត់ធ្ងន់ថា វាពិតជាពិបាកណាស់ ដែលអាចកំណត់ដឹងថា តើសិង្ហបុរីនឹងអាច រស់នៅតាមប្រក្រតីភាពថ្មី នៅពេលណានោះ ប៉ុន្ដែ លោកសង្ឃឹមថា អត្រានៃការចាក់វ៉ាក់សាំងខ្ពស់របស់ប្រទេសនេះ និងការជំរុញការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នឹងជួយឲ្យរដ្ឋាភិបាលអាចបន្ដលុបចោលវិធានការរឹតត្បិតកាន់តែច្រើនឡើងបន្ថែមទៀត។
សិង្ហបុរី ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលគេហៅថា ប្រទេសគ្មានកូវីដ ឬ COVID-zero ដោយសារតែប្រទេសនេះ បានអនុវត្តនូវវិធានការយ៉ាងតឹងរឹង ដើម្បីរក្សាឲ្យបាននូវអត្រាឆ្លង និងស្លាប់ដោយសារកូវីដ១៩នៅក្នុងកម្រិតទាបបំផុត។ ជាក់ស្ដែង មកទល់ពេលនេះ សិង្ហបុរីមានករណីឆ្លងសរុប ជាង២៥ម៉ឺននាក់ និងអ្នកស្លាប់សរុបជាង៦៦០នាក់។
សិង្ហបុរីមានពលរដ្ឋប្រមាណ ៩៤% នៃចំនួនពលរដ្ឋមានសិទ្ធិចាក់វ៉ាក់សាំងសរុប បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ខណៈដែលមាន ២៣% នៃចំនួនពលរដ្ឋសរុប ក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចហើយផងដែរ។
បើទោះបីជា វិធានការរឹតបន្ដឹងនៅសិង្ហបុរីត្រូវបានបន្ធូរបន្ថយក៏ពិតមែន ប៉ុន្ដែ វាសម្រាប់តែពលរដ្ឋដែលបានចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ដោយឡែក សម្រាប់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងវិញ គឺនៅតែត្រូវបន្ដអនុវត្តវិធានការរឹតបន្ដឹងដដែលដូចជា ហាមមិនឲ្យចេញទៅទទួលទានអាហារនៅក្នុងហាង ឬចូលទៅកាន់ទីតាំងកម្សាន្ដ ផ្សារទំនើបជាដើម។ លើសពីនេះ សម្រាប់អ្នកដែលបានបដិសេធមិនទទួលយកការចាក់វ៉ាក់សាំង ក៏នឹងត្រូវតម្រូវឲ្យបង់ថ្លៃចំណាយលើការព្យាបាលកូវីដ១៩ផងដែរ ប្រសិនបើពួកគេបានឆ្លងកូវីដ១៩៕