ប្រទេសទីម័រឡេស្តេ-អាស៊ាន

មេដឹកនាំប្រទេសទីម័រឡេស្តេ ថា នឹងងាកទៅចិន បើដំណើរការចូលជាសមាជិកអាស៊ាននៅតែអូសបន្លាយពេលយូរ


ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta បានព្រលយភាពអស់សង្ឃឹមក្នុងការចូលជាសមាជិកអាស៊ាន បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកបានព្រមានថា យ៉ាងយូរត្រឹមឆ្នាំ២០២៥ បើទីម័រឡេស្តេនៅតែមិនអាចរំកិលទៅមុខក្លាយជាសមាជិកអាស៊ានទី១១បានទៀត នោះខ្លួននឹងងាកជំហរទៅរកការពឹងពាក់ប្រទេសចិនជាក់ជាមិនខាន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Macau Business នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីម័រឡេស្តេនឹងងាកទៅចិន បើមិនអាចក្លាយជាសមាជិកអាស៊ាន ក្នុងពេលឆាប់ៗទេនោះ

ក្នុង​អំឡុងកិច្ចប្រជុំ​ជាមួយអ្នកជំនួញ​​នៅក្រុង Lisbon ប្រទេសព័រទុយហ្គាល់ លោក Ramos-Horta បាន​គូសបញ្ជាក់​ថា ប្រសិនបើ​ការដាក់​សមាជិកភាព​ថ្មី​របស់​​អាស៊ាននេះ នៅតែពន្យារពេលទៀត លោកនឹង​​ទៅ​ជួប​មហាមិត្ត​ចិន គឺលោកប្រធានាធិបតី ស៊ី ជិនពីង ហើយផ្អាក​ដំណើរការ​ចូល​​ជាសមាជិក​អាស៊ាននេះចោលតែម្តង។

លោកបន្តថា មាន​ការងារ​ជាច្រើន​ត្រូវបានធ្វើក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ហើយ​ប្រទេស​អាស៊ាន​ក៏បាន​បញ្ចប់​ការវាយតម្លៃរបស់ពួកគេ​ផងដែរ​កាលពីខែមិថុនា និង​​ កក្កដា​​កន្លងទៅថា ​ទីម័រឡេស្តេ​ជាប្រទេស​ស័ក្តិសម​ក្លាយជាសមាជិកថ្មី​របស់អាស៊ាន។ លោកអះអាងថា បើតាម​សេណារីយ៉ូនេះ គឺទីម័រឡេស្តេ​អាច​ចូល​រួមជាមួយ​អាស៊ាន​​បាន​នៅខែមករា ឆ្នាំ​២០២៣ខាងមុខនេះ ហើយបន្ទាប់មកទៀត ប្រទេស​លោក​​នឹងទទួលបាន​ការអញ្ជើញ និងធ្វើពិធីជាផ្លូវការ ក្នុងពេល​​ឥណ្ឌូណេស៊ី​ធ្វើជាប្រធានអាស៊ាន​ប្តូរវេន​​នៅឆ្នាំ​ក្រោយ។

លោកប្រធានាធិបតី ប្រទេសទីម័រឡេស្ដេ ​ក៏ធ្លាប់​បានត្អូញត្អែរកាលពីពេលថ្មីៗនេះដែរថា «ចូលអាស៊ានពិបាកជាងឡើងឋានសួគ៌ទៀត»។

សូម​រំលឹក​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន​ប្តូរវេន​ឆ្នាំ២០២២ បាន​ថ្លែង​នៅអង្គការ​សហប្រជាជាតិ​កាលពីខែកញ្ញាថា ប្រទេសទីម័រឡេស្តេ នឹង​ក្លាយជាសមាជិកអាស៊ានទី១១ នៅចុងឆ្នាំ​២០២២នេះ ឬនៅឆ្នាំ២០២៣។

គួរកត់សម្គាល់​ដែរថា ប្រធានាធិបតីទីម័រឡេស្តេ​រូបនេះ បានលើកសរសើរ និង​អួតពីទំនាក់ទំនង​រវាង​ទីម័រឡេស្តេ និងចិន ហើយថែមទាំងការពារប្រទេសចិន​ទៀតផង។ លោក Ramos-Horta បាន​ថ្លែង​ក្នុងពិធីមួយ​កាល​ពីខែកញ្ញាកន្លងទៅថា ចិន​គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយចិន​ក៏នឹង​មិន​ឈ្លានពានប្រទេសណា​មួយឡើយ។ លោកលើកឡើងថា ការរះត្រដែតឡើង​របស់​មហាយក្សចិន ​នឹង​ធ្វើឱ្យ​មានសន្តិភាព​ និងស្ថិរភាព។

សូមបញ្ជាក់ដែរថា ប្រទេស​កម្ពុជានឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា​ឆ្នាំ២០២២នេះ ដោយក្នុងនោះ ក៏នឹងមានមេដឹកនាំ​ប្រទេសកំពូលៗជាច្រើនចូលរួម រួមទាំង​ប្រធានាធិបតីអាមេរិក​លោកចូ បៃឌិនផងដែរ៕​




អត្ថបទបន្ទាប់


កម្ពុជាសង្ឃឹមខ្ពស់ថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់២លាននាក់ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២២

កម្ពុជាបន្តក្ដីសង្ឃឹមខ្ពស់ថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរំពឹងអា…

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់មេដឹកនាំអាល្លឺម៉ង់ថា គួរតែធ្វើការជាមួយគ្នានៅក្នុងគ្រាពិភពលោកកំពុងចលាចល

នៅក្នុងជំនួបទល់មុខគ្នាដ៏កម្រ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ថា ប្រទេសទាំងពីរគួរតែសម្លឹងមើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ