បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ទោះតិច ឬច្រើនបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នឹងត្រូវបានលើកយកមកជជែកនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅម៉ានីល


រដ្ឋមន្ត្រីការបរទេសអាស៊ានបានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពេលគម្រប់ខួប១ឆ្នាំ នៃវិបត្តិអរិភាពព្រំដែន និងការរំលោភលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃ។ ទោះបីជាបញ្ហាព្រំដែននេះមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈផ្លូវការក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់យ៉ាងមុតមាំថា វានឹងក្លាយចំណោទសន្តិសុខ ដែលនឹងត្រូវបានលើកយកមកជជែកដេញដោលគ្នា។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

ពាក់ព័ន្ធបញ្ហានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានបង្ហើប និងជជែកផ្ទាល់ជាមួយប្រធានអង្គប្រជុំ គឺលោកស្រី ម៉ា តេរីសា ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនកាលពីថ្ងៃទី២០ ខែកក្កដា រួចហើយដែរ។
ទីភ្នាក់ងារព័ត៌មានតួកគី Anadolu Agency បានរាយការណ៍ថា ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឡើង ចំពេលដែលពិភពលោកកំពុងធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា និងការកើនឡើង នៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការស្តារភាពធន់ផ្នែកសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណា របៀបវារៈផ្លូវការមិនបានរំលេចអំពីបញ្ហាអរិភាពព្រំដែនរវាងកម្ពុជា និងថៃនោះឡើយ។
ទោះបីជាត្រូវបានរក្សាភាពស្ងប់ស្ងាត់នៅលើក្រដាស ប៉ុន្តែស្មារតីនៃកិច្ចប្រជុំកំពូលនេះបានសង្កត់ធ្ងន់លើសារអំពាវនាវឱ្យមានសាមគ្គីភាព និងសកម្មភាពរួមគ្នាក្នុងបរិបទ ដែលតំបន់អាស៊ីអាគ្នេយ៍ កំពុងរងសម្ពាធយ៉ាងខ្លាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះដែនអធិបតេយ្យដ៏រ៉ាំរ៉ៃ។
ក្នុងពិធីបើកកិច្ចប្រជុំលោកស្រី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានលើកឡើងថា អាស៊ានត្រូវតែឆ្លើយតបដោយភាពសកម្ម និងចេតនាពិតប្រាកដចំពោះពិភពលោក ដែលកំពុងជួបប្រទះភាពចលាចល និងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ លោកស្រី បានគូសបញ្ជាក់ថា អាស៊ានកំពុងប្រឈមមុខនឹងវិបត្តិបន្ទាន់ជាច្រើន ដែលទាមទារឱ្យរដ្ឋជាសមាជិកបន្តស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងអាចអនុវត្តទៅបាន សូម្បីតែនៅក្នុងស្ថានភាពលំបាក និងការពិភាក្សាដ៏ស្មុគស្មាញក៏ដោយ។
ជាមួយគ្នានេះលោកស្រីបានលើកតម្កើងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (TAC) ដែលឈានចូលខួបលើកទី៥០នៅឆ្នាំនេះ ថា ជាយុថ្កាដ៏រឹងមាំបំផុតរបស់អាស៊ាន ដោយសង្កត់ធ្ងន់ថា គោលការណ៍គោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាសសរទ្រូង នៃស្ថិរភាពតំបន់។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកកំពុងបែកបាក់ គ្មានប្រទេសណាមួយអាចឆ្លងកាត់ព្យុះនយោបាយតែម្នាក់ឯងបានឡើយ ហើយប្រសិនបើអាស៊ានមិនរួមដៃគ្នាបោះជំហានទៅមុខទេ នោះតំបន់ទាំងមូលនឹងប្រឈមនឹងការបែកបាក់ជាក់ជាមិនខាន។
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា កិច្ចប្រជុំដែលដំណើរការរហូតដល់ថ្ងៃទី២៤ ខែកក្កដានេះ ក៏នឹងមានជំនួបអមជាច្រើនជាមួយដៃគូសន្ទនាធំៗរួមមានអាស៊ានបូកបី និងវេទិកាតំបន់អាស៊ានដែលមានវត្តមានតំណាងរដ្ឋអំណាចធំៗដូចជាសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ឥណ្ឌា និងសហភាពអឺរ៉ុប។ ដូច្នេះបញ្ហាអរិភាពព្រំដែនកម្ពុជា-ថៃ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលត្រូវបានលើកយកមកជជែកគ្នាក្រៅផ្លូវការ ឬក្នុងជំនួបទ្វេភាគីយ៉ាងពិតប្រាកដ។
ជាក់ស្តែងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ក្នុងជំនួបទ្វេភាគីនៅទីក្រុងម៉ានីល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដោយផ្ទាល់អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃជូនលោកស្រី ឡាហ្សារ៉ូ។ ក្នុងនោះកម្ពុជាបានសម្តែងការអរគុណចំពោះហ្វីលីពីន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ (Cebu) ដើម្បីស្វែងរកច្រកចេញដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងស្មារតីអាស៊ាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗចំនួន ២ សហការគ្នាសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅក្រុងព្រះសីហនុ

ក្រុមហ៊ុន WorldBridge របស់អ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានសម្រេចចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Cambodia Airports ដែលជ…

ចិន និងហ្វីលីពីនចោទគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ចំពេលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំ

កាលពីថ្ងៃទី២០ ខែកក្កដា ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងក្តៅគគុក បន្ទាប់ពីនាវានៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ