យ៉ាងណាមិញ នាឱកាសជួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសនាពេលថ្មីៗនេះ ភាគីកម្ពុជា បានអរគុណចំពោះអង់គ្លេស ដែលបានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជា។ កម្ពុជា បានចាត់ទុកថា ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជា ពីអង់គ្លេស គឺជាការរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសកាន់តែប្រសើរឡើង។
ថ្លែងនៅចំពោះមុខអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ា នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍ នៃចក្រភពអង់គ្លេស លោកជំទាវ Amanda Milling កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា។
ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស សម្រាប់កម្ពុជានេះ ត្រូវបានក្រុមអ្នកជំនាញគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈជំរុញកំណើននៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មានភាពល្អប្រសើរតាំងពីយូរយារណាស់មកហើយ ពិសេសតាមរយៈការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស ដល់ប្រទេសកម្ពុជា ដែលអាចឲ្យកម្ពុជា នាំចេញទំនិញសំខាន់ៗ ដូចជា ផលិផលសម្លៀកបំពាក់មួយចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ ជាដើម ទៅកាន់ទីផ្សារប្រទេសអង់គ្លេស។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ ជាគោលការណ៍របស់ក្រសួងពាណិជ្ជកម្ម គឺការពង្រឹងនូវទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដូច្នេះ ការរក្សាបានទំនាក់ទំនងទ្វេភាគីល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក សុទ្ធតែមានសារៈសំខាន់សម្រាប់កម្ពុជា ពិសេសទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស តែម្ដង។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា មិនថាទីផ្សារក្នុងតំបន់ ឬទីផ្សារនៅតំបន់អឺរ៉ុប សុទ្ធតែផ្ដល់អត្ថប្រយោជន៍សំខាន់សម្រាប់បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពជា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់ថា មិនថាគោលការណ៍នៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ឬប្រព័ន្ធអនុគ្រោះពន្ធ(EBA) សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ។ បើតាមបណ្ឌិត ហុង វណ្ណៈ ទាំងប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស សម្រាប់កម្ពុជា ឬប្រព័ន្ធអនុគ្រោះពន្ធ(EBA) ដែលសហភាពអឺរ៉ុប បានដកពីកម្ពុជា ប្រហែល២០% នៃផលិតផលសរុបរបស់កម្ពុជាដែលនាំទៅអឺរ៉ុប កាលពីឆ្នាំ២០២០ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់កម្ពុជា។ ក៏ប៉ុន្តែ មិនមែនមានន័យថា កម្ពុជា ត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលបានដកប្រព័ន្ធ(EBA) ពីកម្ពុជា នោះទេ ដូច្នេះ ការរក្សានូវទំនាក់ទំនងទ្វេភាគី និងពហុភាគី នៅតែសំខាន់ ក្នុងកិច្ចការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ តាមរយៈការនាំចេញទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិសរុប មានជាង ២៧ពាន់លានដុល្លារ កើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នា។ ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស នៅឆមាសទី១ ឆ្នាំ២០២២ នេះ មានទំហំទឹកប្រាក់ ៤៥៦លានដុល្លារ កើនឡើង៤៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕