
ការចំណាយលើការរៀបចំប្រារព្ធកីឡាអូឡាំពិកនៅទីក្រុងតូក្យូនេះ កាលពីមុនអំឡុងពេលមានកូវីដ-១៩ គឺគ្រោងនឹងចំណាយប្រមាណ ១២ ពាន់លានដុល្លារអាមេរិក ប៉ុន្ដែ ដោយសារតែមានការពន្យារពេលប្រារព្ធកីឡានេះ គេមិនទាន់ដឹងនៅឡើយទេថា នឹងត្រូវចំណាយបន្ថែមប៉ុន្មានទៀតនោះទេ។
នាយកប្រតិបត្តិកីឡាអូឡាំពិក Tokyo ឆ្នាំ២០២០ លោក តូស៊ីហ៊ីរូ ម៉ូតូ បានលើកឡើងថា អ្នករៀបចំប្រារព្ធកីឡាអូឡាំពិក បានខិតខំកាត់បន្ថយការចំណាយថ្លៃដើមយ៉ាងខ្លាំង នៅអំឡុងពេលពន្យារការប្រារព្ធកីឡាអូឡាំពិកនេះ ប៉ុន្ដែ ការកាត់បន្ថយការចំណាយនេះ នឹងបន្ដធ្វើឡើងទៀត។
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងថា ការចំណាយភាគច្រើនត្រូវបានធ្វើរួចហើយ ហើយការបន្ដការចំណាយបន្ថែមទៀតនោះ ក៏ត្រូវមានការកម្រិតជាងមុនដែរ។
គម្រោងសម្រាប់រៀបចំកីឡាអូឡាំពិកឲ្យចំណាយតិចជាងមុន ត្រូវបានលាតត្រដាងឡើងកាលពីខែកញ្ញា ដែលក្នុងនោះ មានវិធានការកាត់បន្ថយការផ្ដល់ជូនសំបុត្រចូលមើលឥតគិតថ្លៃឲ្យនៅតិចជាងមុន កាត់បន្ថយការចំណាយលើការរៀបចំពិធីទទួលអត្តពលិក និងការសន្សំសំចៃលើ បដាផ្សព្វផ្សាយ និងថ្លៃអាហារជាដើម។
លោក ម៉ូរី អតីតនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ នឹងក្លាយជាគំរូមួយ សម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រារព្ធកីឡាអូឡាំពិកនាពេលខាងមុខ នៅយុគ្គសម័យក្រោយកូវីដ-១៩។
សូមបញ្ជាក់ថា កីឡូអូឡាំពិកនៅក្នុងទីក្រុងតូក្យូ ត្រូវបានព្យារពេលទៅដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ វិញ ដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩៕