លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បាននិយាយថា ក្រុមប្រទេសប្រជាធិបតេយ្យដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឫ ហៅថា ក្រុម G7 បានពិភាក្សា អំពីការអនុវត្តសេដ្ឋកិច្ចមិនមែនទីផ្សាររបស់ចិន (non-market economic) បញ្ហាបំណុល និង ស្ថានភាពសិទ្ធិមនុស្សរបស់ចិនផងដែរ ខណៈដែលអង្គការណាតូនឹងបើកកិច្ចប្រជុំនៅចុងសប្តាហ៍នេះជាមួយប្រទេសជាសមាជិករបស់ខ្លួន ដើម្បីនិយាយអំពីបញ្ហាពាក់ព័ន្ធនឹងចិនផងដែរ ដែលក្រុមប្រទេសទាំងនេះ ហៅថា ជាវិធីសាស្ត្រដែលមិនធ្លាប់មានពីមុន។ ក្នុងនោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអាឡឺម៉ង់ថា ក្រុម G7 និង អង្គការណាតូ កំពុងតែរួបរួមគ្នាកាន់តែខ្លាំងឡើងជុំវិញបញ្ហាប្រឈមដែលចិនបង្កឡើង។
លោក Sullivan បាននិយាយថា មេដឹកនាំក្រុម G7 បានបើកការពិភាក្សារអំពីសារៈសំខាន់នៃការដោះស្រាយលើបញ្ហាប្រឈមដែលបង្កឡើងដោយចិន ហើយបង្កើនការយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំងទាំងផ្នែកសេដ្ឋកិច្ច និង សន្តិសុខ។
យ៉ាងណាមិញ លោក Sullivan បានអះអាងថា ថ្វីបើបែបនេះក្តី វាមិនមែនមានន័យថាលោកខាងលិចកំពុងសម្លឹងរកការចាប់ផ្តើមសង្គ្រាមត្រជាក់ថ្មីមួយជាមួយទីក្រុងប៉េកាំងនោះទេ។ លោកបានបន្តថា៖ ក្រុម G7 មិនសម្លឹងរកការបែងចែកពិភពលោកទៅជាប្លុកនៃការប្រកួតប្រជែងនោះទេ ខណៈក្រុមនេះនឹងផ្អែកលើគោលការណ៍ដែលយុត្តិធម៌សម្រាប់ប្រទេសទាំងអស់ ហើយធានាឱ្យបានថា ប្រទេសចិនប្រកាន់ខ្ជាប់នូវច្បាប់អន្តជាតិ។
គួរជម្រាបថា មេដឹកនាំ G7 កាលពីថ្ងៃអាទិត្យបានសន្យាឧបត្ថមថវិការចំនួន ៦០០ ពាន់លានដុល្លារជាមូលនិធិឯកជន និង សាធារណៈក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយគម្រោងថវិកាដ៏សម្បើមនេះ គឺជាមានគោលបំណងប្រជែងនឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន ដែលបាននិងកំពុងរីកសាយទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោករួចទៅហើយ៕