នៅក្នុងសេចក្តីប្រកាសរួមមួយ ក្រុមហ៊ុនតូតាល់បានគូសបញ្ជាក់ថា៖«ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់ទៅៗក្នុងប្រទេសភូមា និងបន្ទាប់ពីបានទទួលសំណើរួមគ្នាពីក្រុមហ៊ុនឈេហ្វរ៉ុន ក្រុមហ៊ុនទាំងពីរ បានសម្រេចផ្អាករាល់ការបែងចែកសាច់ប្រាក់ទៅឲ្យរដ្ឋាភិបាលយោធាបណ្តោះអាសន្នសិន»។
សេចក្តីថ្លែងការណ៍រួមដដែលបានសង្កត់ធ្ងន់ទៀតថា៖ ក្រុមហ៊ុនតូតាល់សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សា និងការំលោភសិទ្ធិមនុស្ស ដែលបាន និងកំពុងកើតឡើងក្នុងប្រទេសភូមា ហើយក្រុមហ៊ុនសូមធ្វើការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននឹងគោរពតាមរាល់សេចក្តីសម្រេចទាំងអស់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងជាពិសេសសហគមន៍អន្តរជាតិ ជុំវិញការដាក់ទណ្ឌកម្មនានាទៅលើរបបយោធា។
ការសម្រេចចិត្តខាងលើពីសំណាក់ក្រុមហ៊ុនប្រេងធំៗទាំងនេះ បានទទួលការសាទរ និងកោតសសើរជាខ្លាំងពីសង្គមស៊ីវិល និងសកម្មជនប្រជាធិបតេយ្យក្នុងប្រទេសភូមា។ អង្គការសង្គមស៊ីវិលបានស្វាគមន៍ការសម្រេចចិត្ត ដើម្បីព្យួរការទូទាត់ប្រាក់ទាំងនេះ ដែលកន្លងមកវាជាចំណូលមួយផ្នែករបស់ក្រុមយោធា។
ប៉ុន្តែបើតាមអង្គការសង្គមស៊ីវិលនៅភូមា នេះគ្រាន់តែជាចំណែកតូចមួយនៃប្រាក់ចំណូលដែលរបបយោធាកំពុងទទួលបានពីប្រតិបត្តិការរបស់តូតាល់ក្នុងប្រទេសភូមាប៉ុណ្ណោះ ដែលវាបានរួមបញ្ចូលទាំងចំណែករបស់រដ្ឋនៃចំណូលឧស្ម័ន និងពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនវិនិយោគផងដែរ។ ក្រៅពីនោះ យោធានៅតែទទួលបានចំណូលមួយផ្នែកធំទៀត ពីការលក់ប្រេងឆៅ ទៅឲ្យប្រទេសចិនតាមរយៈបំពង់បង្ហូរប្រេងក្នុងរដ្ឋសាន (Shan State) ជាប់ព្រំដែនចិន-ភូមា។
គួរជម្រាបថា ក្រុមហ៊ុនតូតាល់មានភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុនរកស៊ីប្រេង និងឧស្ម័នរួមគ្នាមួយឈ្មោះ ម៉ូអាតាម៉ា ហ្គាស ត្រេនស្ពតថេសិន (Moattama Gas Transportation) ក្នុងប្រទេសភូមា ក្នុងនោះ តូតាល់មានភាគហ៊ុនជាង ៣១% ក្រុមហ៊ុនឈេហ្វរ៉ុនកាន់កាប់ ២៨% ខណៈក្រុមហ៊ុន PTT-EP របស់ថៃ និងសហគ្រាសប្រេងភូមាកាន់កាប់ចំណែកដែលនៅសេសសល់។
សូមបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលធ្វើជំនួញនៅក្នុងប្រទេសភូមា ជារឿយៗបានរងសម្ពាធពីក្រុមសិទ្ធិមនុស្ស រដ្ឋាភិបាលស៊ីវិល និងសហគមន៍អន្តរជាតិ ឲ្យពិនិត្យមើលប្រតិបត្តិការរកស៊ីរបស់ពួកគេឡើងវិញ គោលដៅដើម្បីបញ្ឈប់ការបង់ប្រាក់ដែលហូរចូលទៅក្នុងរដ្ឋាភិបាលយោធាដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ៕