អាជីវកម្ម​វិស័យទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អាជីវកម្មទេសចរណ៍ជិត ៣ពាន់ទីតាំង បានបិទបណ្ដោះអាសន្ន និងប៉ះពាល់ការងារជាង៤ម៉ឺននាក់


ដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងហោចណាស់ បានធ្វើឲ្យអាជីវកម្មទេសចរណ៍បានបិទទ្វារបណ្ដោះអាសន្នប្រមាណជិត ៣ពាន់ទីតាំង និងបានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ការងារកម្មករនិយោជិតក្នុងវិស័យនេះ ប្រមាណជាង ៤,៥ ម៉ឺននាក់។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានអះអាងនៅថ្ងៃទី ២៩ ខែមិថុនានេះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)
ដោយ

ឯកឧត្តម ថោង ខុន បាន​បញ្ជាក់ថា បញ្ហា​កូវីដ-១៩ បានធ្វើ​ឲ្យ​​ប៉ះពាល់ដល់​អាជីវកម្ម ក៏ដូចជា​ការងារ​នៅក្នុង​វិស័យទេសចរណ៍ ព្រោះតែ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ។ ឯកឧត្តម រដ្ឋមន្ត្រី​បន្ថែមទៀតថា តាមការ​វាយតម្លៃ​ពីក្រុម​អ្នកជំនាញ​ ​បញ្ហា​រីករាលដាល​នៃជំងឺ​កូវីដ-១៩នេះ នឹងធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោកថយ ៧ឆ្នាំ ហើយចំពោះកម្ពុជា នឹងថយ ៥ឆ្នាំដែរ។ មានន័យថា បើនៅឆ្នាំ​២០២០នេះ មិនមាន​បញ្ហាកូវីដ-១៩ទេ គឺកម្ពុជា អាចនឹង​ទទួល​ភ្ញៀវទេសចរ​​៧លាននាក់ តែដោយសារតែ​បញ្ហាកូវីដ-១៩ កើតឡើង ដូច្នេះចំនួនទេសចរ៧លាននាក់​នេះ អាចនឹង​ទទួលបាន​នៅឆ្នាំ ២០២៥ឯណោះ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ដែរថា ចាប់តាំងពីដើមខែ​ឧសភាមក វិស័យទេសចរ​ណ៍​កម្ពុជា ហាក់​មាន​សញ្ញាវិជ្ជមាន​ឡើងវិញ​ជាបណ្ដើរៗហើយ។ យ៉ាងណាមិញ ក្នុងរយៈពេល ៣សប្ដាហ៍​ដំបូង នៃខែមិថុនានេះ មានភ្ញៀវទេសចរ​ជាង ៤៥ម៉ឺននាក់​ បានចេញដើរកម្សាន្ដ​នៅទូទាំងប្រទេស​។ ដោយឡែក សម្រាប់​រាជធានីភ្នំពេញ នៅ៤ខែ ដើមឆ្នាំនេះ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែប្រមាណជាង ៧៧ម៉ឺននាក់ប៉ុណ្ណោះ ថយចុះជាង​៤៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០១៩។

អភិបាល​រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន​ថ្លែងដែរថា នៅរាជធានីភ្នំពេញ មាន​មូលដ្ឋាន​អាជីវកម្ម​​ទេសចរណ៍​ជិត​២ពាន់​ទីតាំង ដោយក្នុងនោះ មាន​ប្រមាណ ៣៦០ ទីតាំង ឬស្មើនឹងប្រមាណ​ជិត​២០%បាន​បិទទ្វារ​ជាបណ្ដោះអាសន្ន ទៅតាម​ការណែនាំរបស់​ក្រសួង និងស្ថានប័នជំនាញ ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីករាល​ដាល​នៃកូវីដ-១៩។

សូមបញ្ជាក់ថា ដើម្បីជួយដល់​អាជីវកម្ម ក៏ដូចជា​បុគ្គលិក​នយោជិតនៅក្នុងវិស័យទេសចរណ៍ ដែល​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ-១៩ កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវវិធានការ​ជាបន្ដបន្ទាប់​ដូចជាការ​បន្ធូរបន្ថយ​ផ្នែកពន្ធ​សម្រាប់​ម្ចាស់អាជីវកម្ម និងការផ្ដល់ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​និយោជិត​ដែលបាត់បង់ការងារ​ព្រោះតែ​កូវីដ-១៩នេះផងដែរ។ ជាមួយគ្នានេះ ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ទើបតែ​​ប្រកាស​នឹងចំណាយថវិកា​ប្រមាណ ​២៥លានដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់​ជួយឧបត្ថម្ភ​ដល់ពលរដ្ឋ​ក្រីក្រ​ផងដែរ៕

None



អត្ថបទបន្ទាប់


ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត

ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍នៃខេត្តសៀមរាប។…

ថៃសម្រេចពន្យារពេលជាលើកទី៣ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ១ខែទៀត!

នៅថ្ងៃចន្ទនេះ រាជរដ្ឋាភិបាលថៃបានសម្រេច បន្តពន្យារពេលដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្ន ១ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ