ឯកឧត្តម តុប សុភក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ក្រុមការងារខេមបូណូមីសថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញសារាចរណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលជាទណ្ឌកម្មរដ្ឋបាល ដោយសារតែកន្លងមក មានអាជីវកម្មទេសចរណ៍មួយចំនួន អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពីវិធានការសុវត្ថិភាពដែលបានដាក់ចេញនាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានមើលឃើញដែរថា ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចឲ្យរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស បើកដំណើរការឡើងវិញសម្រាប់ទេសចរក្នុងស្រុកមក មានអាជីវកម្មមួយចំនួននៅតាមបណ្តាខេត្តទេសចរណ៍ ដូចជា ផ្នែកសណ្ឋាគារ ឬផ្ទះសំណាក់ និងហាងកាហ្វេជាដើម ហាក់មិនបានអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវនោះទេ ។
លោក ធួន ស៊ីណាន បានបន្តថា លោកគាំទ្រចំពោះទណ្ឌកម្មរដ្ឋបាលនេះ ព្រោះថា បើមិនដូច្នេះទេ មិនដឹងថា វិស័យទេសចរណ៍អាចប្រសើរឡើងវិញបាននៅពេលណានោះទេ។
ថ្វីត្បិតតែរាជរដ្ឋាភិបាល បានសម្រេចឲ្យរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេសបើកឡើងវិញកាលពីខែឧសភាក្ដី ប៉ុន្តែ ដោយសារតែមើលឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩មិនមានការថមថយសោះនោះ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ មិថុនាកន្លងទៅនេះ ក៏បានចេញសេចក្តីសម្រេចថ្មីមួយទៀត បិទបណ្តោះអាសន្នចំពោះសកម្មការងារ មុខរបរ ឫអាជីវកម្ម ដែលមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់ ដោយក្នុងនោះក៏មានប្រភេទអាជីវកម្មទេសចរណ៍និងសេវាកម្មកំសាន្តដូចជា រមណីយដ្ឋាន ក្លឹប ខារ៉ា សារមន្ទីរកាស៊ីណូ ជាដើម៕