ជាមួយគ្នានេះ ខាងអាជ្ញាធរនៅតាមខេត្តគោលដៅមួយចំនួនក៏កំពុងរៀបចំតុបតែងលម្អតាមដងផ្លូវ និងតំបន់ទេសចរណ៍នានា ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ ជាមួយនឹងក្ដីរំពឹងខ្ពស់ថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តទេសចរណ៍ទាំងនោះនឹងមានការកើនឡើងច្រើន។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នបន្ទប់តាមសណ្ឋាគារផ្ទះសំណាក់ និងបឹងកាឡូល្អៗទទួលបានការកក់ពីអតិថិជនស្ទើរគ្រប់បន្ទប់ហើយតាំងពីទទួលបានដំណឹងរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីខកខានរៀបចំពីរឆ្នាំកន្លងមកនេះ។ លោកអះអាងថា ទោះបីប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅកក់បន្ទប់នៅកំពង់សោមក៏ដោយ តែតម្លៃបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមកោះ និងគោលដៅទេសចរណ៍មួយចំនួនមិនមានការឡើងថ្លៃគួរឲ្យកត់សម្គាល់នោះទេ។
លោក តាំង សុចិត្រគ្រឹស្នា បានគូសបញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលខេត្តព្រះសីហនុពុំមានការរៀបចំកម្មវិធីធំៗណាមួយ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ប៉ុន្តែអាចមានការប្រគុំតន្ត្រីពីបណ្តាក្រុមហ៊ុន និងវិស័យឯកជននានា។ ទោះបីយ៉ាងនេះក្តី ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះជឿជាក់ថា ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការរំខានណាមួយពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។
ជាមួយគ្នានេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មកទល់ពេលនេះ មានភ្ញៀវទេសជាតិ និងអន្តរជាតិតិចតួចប៉ុណ្ណោះ បានមកកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅខេត្តកំពត ហើយបន្ទប់ដែលទទួលបានការកក់ភាគច្រើនជាបន្ទប់ ដែលមានគុណភាពល្អនិងស្តង់ដារខ្ពស់។ ហើយតម្លៃបន្ទប់ទៀតសោតក៏ពុំមានការឡើងថ្លៃនោះដែរ ពោលគឺខេត្តកំពតពុំសូវជួបបញ្ហារឿងតម្លៃបន្ទប់ឡើងថ្លៃនោះទេ ដោយសារការផ្គត់ផ្គង់ធំជាងតម្រូវនាពេលបច្ចុប្បន្ន។
ដោយឡែក បើយើងក្រឡេកទៅមើលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរក្នុងខេត្តសៀមរាបវិញ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តនេះអះអាងថា មកទល់ពេលនេះផ្ទះសំណាក់ សណ្ឋាគារនៅខេត្តសៀមរាបទទួលបានការកក់បន្ទប់តិចតួចប៉ុណ្ណោះ។ ទន្ទឹមនឹងនេះលោកបានបញ្ជាក់ថា ខេត្តសៀមរាបមិនខ្វះផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ជួលឲ្យភ្ញៀវ សម្រាប់ថ្ងៃឈប់សម្រាកចូលបុណ្យចូលឆ្នាំថ្មីខាងមុខនេះនោះទេ។
ពាក់ព័ន្ធវិស័យទេសចរណ៍នេះដែរ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានចេញសារាចរណ៍ណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណីខ្មែរ។
ក្នុងសារាចរណ៍នោះដែរថ្នាក់ដឹកនាំក្រសួងទេសចរណ៍ជំរុញឲ្យមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្តចូលរួមផ្សព្វផ្សាយនិងជំរុញឲ្យប្រតិបត្តិករតាមគោលដៅទេសចរណ៍នីមួយៗឲ្យពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍និងអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការនិងស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីមិនមានការចម្លងជំងឺកូវីដ-១៩៕