ក្រុមហ៊ុនតូយ៉ូតា បានកាត់បន្ថយគោលដៅផលិតរថយន្តរបស់ខ្លួនពីជាង១០លានគ្រឿង ក្នុងឆ្នាំ២០២៣ មកនៅត្រឹមជិត១០លានគ្រឿង នៅឆ្នាំ២០២៤នេះ ដែលជាការកាត់បន្ថយលើកដំបូងផលិតលើកដំបូងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ ការកាត់បន្ថយចំនួនផលិតនៅឆ្នាំនេះ គឺដោយសារមានបញ្ហាផលិតកម្ម និងប្រកួតប្រជែងទីផ្សារ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្យូដូ ក្រុមហ៊ុននេះ បានផ្អាកការផលិតរថយន្តដ៏ពេញនិយមចំនួន៣ម៉ូដែល រួមមាន ម៉ូដែលកូរ៉ូឡា ហ្វៀលឌឺ (Corolla Fielder) កូរ៉ូឡា អាស៊ីអូ (Corolla Axio) និងម៉ូដែលយ៉ារីសក្រូស (Yaris Cross) ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងវិញ្ញាបនបត្ររថយន្ត ដែលបានកើតឡើងកាលពីខែមិថុនា កន្លទៅ។
តែយ៉ាងណាក្រុមហ៊ុន Toyota នឹងបន្តការផលិតរថយន្តម៉ូដែលទាំងនេះឡើងវិញនៅដើមខែកញ្ញា ឆ្នាំនេះ បន្ទាប់ពីក្រសួងដឹកជញ្ជូនបានបញ្ជាក់ពីសុវត្ថិភាព និងបានលុបចោលការហាមឃាត់ការដឹកជញ្ជូនរួចមក។
ការកាត់បន្ថយនេះ ក៏បានកើតឡើងចំពេលក្រុមហ៊ុននេះ បានជួបបញ្ហាការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសារមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង និងការផ្លាស់ប្តូរទីផ្សារយ៉ាងលឿនទៅរករថយន្តអគ្គិសនី៕
អត្ថបទ៖ សុខ មង្គល